ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មី មួយរបស់ធនាគារពិភពលោក(WB)ចេញ ផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានឲ្យដឹងថា កំណើននៃការនាំ ចេញស្បែកជើង គ្រឿងម៉ាស៊ីនអគ្គិសនី បរិក្ខារ និងគ្រឿងបន្លាស់យានយន្ដបានជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សា បានភាពរឹងមាំ ខណៈដែលមានការថមថយតិចតួចមកនៅត្រឹម៦,៨ភាគរយនៅក្នុងឆ្នាំ ២០១៧ធ្រៀបនឹងឆ្នាំ២០១៦ដែលមាន អត្រា៧ភាគរយ ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយធនាគារពិភពលោកបានកត់សម្គាល់ថា ការនាំចេញ សម្លៀកបំពាក់និងផលិតផលវាយនភ័ណ្ឌដទៃទៀតមានបរិមាណមធ្យម។ ប៉ុន្ដែទស្សន វិស័យរយៈពេលមធ្យមនៅតែមានភាពវិជ្ជមានដោយសារតែកំណើនលើការនាំចេញច្រើនប្រភេទទំនិញ និងលំហូរចូលដ៏ល្អនៃ វិនិយោគទុនផ្ទាល់ពីបរទេស ។
លោកស្រី អុីហ្គូណា ដូប្រាចា នាយិកាធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែង នៅក្នុងរបាយការណ៍ខាងលើថា ប្រទេស កម្ពុជាស្ថិតនៅត្រង់ចំណុចមួយដែលបោះជំហានឈានឡើងក្នុងខ្សែចង្វាក់តម្លៃ វិស័យកម្មន្ដសាលមានការកើនឡើងដូច ជាពីការកើនតែផ្នែកកាត់ដេរមកកើនផ្នែកអគ្គិសនី និងគ្រឿងបន្លាស់យានយន្ដហើយនោះជាការអភិវឌ្ឍមួយដែលប្រកបដោយក្ដីសង្ឃឹម ។
លោកស្រីបានបន្ដទៀតថា ដើម្បីទទួលបានជោគជ័យក្នុងការបង្កើនការវិនិយោគ និងពង្រីកការនាំចេញច្រើនប្រភេទទំនិញ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់រចនា សម្ព័ន្ធឲ្យបានកាន់តែស៊ីជម្រៅជាងនេះ បន្ថែមទៀតដែលជួយដោះស្រាយទៅនឹងថ្លៃចំណាយខ្ពស់លើអគ្គិសនីនិងភស្ដុតាង ព្រមទាំងគម្លាតនៃជំនាញ ។
កំណើនសេដ្ឋកិច្ចពិតប្រាកដត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំគឺកើន ឡើងដល់៦,៩ភាគរយនៅឆ្នាំ២០១៨។ ប៉ុន្ដែការធ្លាក់ចុះដែលអាចកើតឡើងនៃសេដ្ឋ កិច្ចនៅក្នុងតំបន់ ជាពិសេសក្នុងប្រទេសចិន និងភាពមិនប្រាកដប្រជាដែលអាចកើត មានឡើងទាក់ទងនឹងការបោះឆ្នោតបង្ក ហានិភ័យចំពោះទស្សនវិស័យនេះ ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីវិស័យទេសចរណ៍(ចំនួនមកដល់នៃអ្នកទេសចរមិនស្ថិតស្ថេរ) របាយការណ៍ នេះស្នើបង្កើនសក្ដានុពលវិស័យទេសចរណ៍ តាមរយៈការបង្កើនតំបន់គោលដៅនិងផលិតផលសម្រាប់អ្នកទេសចរ និងតាមរយៈ តភ្ជាប់ទំនាក់ទំនងគ្រួសារនៅជនបទទៅនឹងខ្សែចង្វាក់ផ្គត់ផ្គង់វិស័យទេសចរណ៍ ។
របាយការណ៍នេះក៏បានផ្ដល់អនុសាសន៍ផងដែរឲ្យផ្ដល់ការគាំទ្របន្ថែមទៀតដល់ កសិករនានាដែលបានទទួលរងផលប៉ះ ពាល់ដោយសារតែតម្លៃកសិផលធ្លាក់ថ្លៃ ដែលកំពុងតែខិតខំស្វែងរកឱកាសប្រសើរជាងនេះដើម្បីចូលរួមទៅកាន់ទីផ្សារ និង បង្កើនផលិតកម្មឲ្យបានច្រើនប្រភេទ ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច កម្ពុជាជារបាយការណ៍ប្រចាំឆមាសដែលផ្ដល់ជូនព័ត៌មានថ្មីៗទាក់ទងនឹងការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជាទាំងរយៈពេលខ្លី និងរយៈពេលមធ្យម ៕ ហេង សូរិយា