ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទាទោសវៀតណាម៧នាក់ដាក់គុកម្នាក់១ឆ្នាំពិន័យជាប្រាក់ម្នាក់៥០លានរៀលរឿងកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គី រិទ្ធី ជាចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសជនជាតិវៀតណាមចំនួន៧នាក់ដាក់ពន្ធនាគារកំណត់ម្នាក់ៗរយៈពេល១ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៥០លានរៀលចូលជាថវិការដ្ឋ ។

ជនជាប់ចោទជាជនជាតិវៀតណាមទី ១-ឈ្មោះ ង ទិនទៀង ភេទប្រុស អាយុ ៣៤ឆ្នាំ, ទី២-ឈ្មោះ ដូ វ៉ាន់លិន ភេទប្រុស អាយុ២៩ឆ្នាំ, ទី៣-ឈ្មោះ ហ ង៉ុកទឹង ភេទ ប្រុស អាយុ៣០ឆ្នាំ, ទី៤-ឈ្មោះ ឡេ កុងដាយ ភេទប្រុស អាយុ៤១ឆ្នាំ, ទី៥-ឈ្មោះ ង៉ អាន់ទូ ភេទប្រុស អាយុ២៨ឆ្នាំ, ទី៦-ឈ្មោះ ហ្វាង ង៉ុកវ៉ាង ភេទប្រុស អាយុ៤៣ឆ្នាំ និងទី៧-ឈ្មោះ ង្វៀង តុងយ៉ុង ភេទប្រុស អាយុ៤៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូន ផលអនុផលព្រៃឈើដោយគ្មានលិខិត អនុញ្ញាតប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមាតំបន់អូរហ៊ុច ខេត្តមណ្ឌលគិរី យោង តាមមាត្រា៩៨នៃច្បាប់ស្តីពីព្រៃឈើ និង មាត្រា៥៩នៃច្បាប់ស្តីពីការការពារធនធានធម្មជាតិ ។

ក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៧កន្លងទៅជនជាប់ចោទ ទាំង៧នាក់សុទ្ធតែឆ្លើយថា ខ្លួនមិនបាន ប្រព្រឹត្តរឿងកាប់និងដឹកឈើនោះទេពួកគេត្រូវបានឈ្មោះ ប៊ី ជាជនជាតិវៀតណាម ជួលឱ្យមកជួសជុលរថយន្តរ៉េវដឹកឈើដែល ខូចនៅក្នុងព្រៃនោះ និងអ្នកខ្លះទៀតគេ ជួលមកធ្វើចុងភៅតែប៉ុណ្ណោះ ។

ដោយឡែកលោក គង់ ពុទ្ធារ៉ា ជាមន្ត្រី ក្រសួងបរិស្ថានទទួលបន្ទុកការពារតំបន់ដែនជម្រកសត្វព្រៃកែវសីមានៅចំណុច អូរហ៊ុច ខេត្តមណ្ឌលគិរីឆ្លើយថា លោកអត់ ដឹងរឿងវៀតណាមចូលកាប់ឈើក្នុងតំបន់ដែលលោកទទួលបន្ទុកការពារនោះទេ ដោយសារតែលោករវល់ពេកទាល់តែសមត្ថ កិច្ចចាប់បានទើបដឹងថា វៀតណាមមកកាប់ ឈើខ្មែរជិតអស់ពីព្រៃដែលលោកការពារ។

លោក ឯម សុងហ៊ួ មេប៉ុស្តិ៍ស៊ើបការណ៍ ចម្ការចេកវរការពារព្រំដែនលេខ១០៣ បានឆ្លើយនៅក្នុងសវនាការថា លោក ទា ខៃម៉េង មេបញ្ជាការកងអនុសេនាធំទី២វរការពារព្រំដែនយោធាលេខ១០៣ជាអ្នក បញ្ជាខ្លួនឱ្យចាំរាប់ក្បាលរថយន្តរ៉េវ ដឹក ឈើបានហើយមិនបាច់ចាប់ទេចាំបើក លុយពីគាត់។ ឈ្មោះ ឯម សុងហ៊ួ បានបន្ដ ថា ឈ្មោះ ទា ខៃម៉េង បានប្រាប់ថាពួកកាប់ ឈើវៀតណាមមកតាមរយៈឈ្មោះ ជុំ រតនា មេប៉ុស្តិ៍អូរជុំវរការពារព្រំដែននគរ បាលលេខ៦២១ ហើយឈ្មោះ ជុំ រតនា បានចាត់ចែងបង់លុយជាកញ្ចប់ឱ្យមន្ត្រីពាក់ព័ន្ធអស់ហើយ។

បើយោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យដឹងថា ក្រៅពីជនជាតិវៀតណាមទាំង៧នាក់នេះ មានមន្ត្រីធំៗនៃខេត្តមណ្ឌលគិរីចំនួន១៣នាក់ទៀតដែលត្រូវបានចោទថា ជាអ្នក ធ្វេសប្រហែសក្នុងការបំពេញតួនាទីនាំឱ្យមានការចូលកាប់ឈើខ្មែរស្ទើរអស់ពីព្រៃ។

សូមបញ្ជាក់ថា បើយោងតាមរបាយ ការណ៍ដដែលបានបញ្ជាក់ថា ឈ្មោះ ជុំ រតនា បានទទួលុយចំនួន១៧ម៉ឺនដុល្លារ ពីឈ្មួញវៀតណាមឈ្មោះ អ៊ុក ញ៉ ដោយ យកទៅបែងចែកឱ្យមន្ត្រីគ្រាក់ៗក្នុងខេត្ត មណ្ឌលគិរីរួមមាន លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌគិរីចំនួន២ម៉ឺនដុល្លារ តាមរយៈឈ្មោះ យិន ចាន់ទី មេបញ្ជាការវរការពារព្រំដែនយោធាលេខ១០៣, លោក សាក់ សារ៉ាង មេបញ្ជាការកងអាវុធហត្ថខេត្ត មណ្ឌលគិរីចំនួន១ម៉ឺនដុល្លារ, លោក សាក់ សារុន មន្ត្រីយោធាស្រុកកែវសីមាចំនួន ៥.០០០ដុល្លារ, ឈ្មោះ ឌុល ជាមន្ត្រីយោធា ចល័តចំនួន៧.០០០ដុល្លារ, លោក ឈាង ណាក់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើពូជ្រៃចំនួន៦.០០០ដុល្លារ, លោក លាង ភារ័ត្ន មេប៉ុស្តិ៍អូរហ៊ុចវរការពារព្រំដែននគរបាលលេខ៦២១ចំនួន២.៥០០ដុល្លារ, លោក ឯម សុងហ៊ួ មេប៉ុស្តិ៍ស៊ើបការណ៍ចម្ការចេកវរការពារព្រំដែនលេខ១០៣ និងលោក ទា ខៃម៉េង មេបញ្ជាការកងអនុសេនាធំទី២វរការពារព្រំដែនយោធាលេខ១០៣ចំនួន ៨៥.០០០ដុល្លារ ។

ប៉ុន្តែទោះជាយ៉ាងណាមន្ត្រីដែលជាប់ឈ្មោះយកលុយពីឈ្មួញវៀតណាមជាថ្នូរនឹងការបើកដៃឱ្យមានការកាប់បំផ្លាញព្រៃឈើទាំងអស់នោះគ្មានជនណាម្នាក់ត្រូវ បានលោក ងិន ពេជ្រ ជាតំណាងអយ្យការ ចោទប្រកាន់ឡើយទេពោលគឺកំពុងតែកោះហៅទៅសួរចម្លើយម្នាក់ម្តងៗ ។

កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅលោក សាក់ សារ៉ាង បច្ចុប្បន្នជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងជាអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីក៏បានចូលខ្លួនបំភ្លឺតាមដីកា កោះរបស់លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ពាក់ព័ន្ធករណីទទួលសំណូកពីឈ​្មួញវៀត ណាមឈ្មោះ អ៊ុក ញ៉ បើកដៃឱ្យមានការកាប់ បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី ។

គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់អូរហ៊ុចកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន៧នាក់ និងដកហូតបាន ឈើ១៤៥កំណាត់ រណារយន្ត១គ្រឿង និង ម៉ូតូ៤គ្រឿង ៕ ហេង សូរិយា


ចែករំលែក៖