ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធកូនស្តីបន្ទោសរឿងផឹកស្រាដល់យប់ជ្រៅស្ទុះទៅវាយប្រពន្ធចាស់ដៃ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយអំណាចខឹងនឹង ប្រពន្ធកូនស្តីបន្ទោសឲ្យខ្លួនរឿងផឹកស្រាមិនចេះគិតនោះធ្វើឲ្យបុរសម្នាក់បានស្ទុះទៅ វាយប្រពន្ធនិងកូយ៉ាងចាស់ដៃតែចុងក្រោយ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ព្រោះនេះមិនមែនជាលើកទី១ឡើយដែលបុរសរូបនេះប្រើអំពើហិង្សាលើប្រពន្ធកូន ។

នគរបាលស្រុកសំរោងទងបានឲ្យដឹង ថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៧ ដោយកម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង។ បុរសដែលសមត្ថកិច្ច ឃាត់ខ្លួនឈ្មោះ សោម ពុធ អាយុ៤៨ឆ្នាំ រស់ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កុយ សុខន អាយុ៤៧ឆ្នាំ និងកូនស្រីឈ្មោះ លឹម ស្រីទុំ អាយុ២៣ ឆ្នាំ រងរបួសដៃ ។

បើតាមស្ត្រីជាប្រពន្ធជនដៃដល់បាន រៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលា ម៉ោង១១និង២០នាទីយប់ប្តីរបស់គាត់បានផឹកស្រាអស់ជាច្រើនលីត្រ។ ពេលនោះ គាត់បាននិយាយទៅកាន់ប្តីថា យប់ជ្រៅ ហើយល្មមដល់ពេលដេកពួនហើយនៅប្រឹងផឹកដល់ណាទៀត បើប្រឹងជួយរកសុីដូចប្រឹងផឹកស្រាវិញមិនដឹងជាល្អយ៉ាងណាទេ។ ពេលគាត់និយាយចប់ស្រាប់តែកូនស្រីក៏ បន្ទរថែមពីក្រោយថា មែនបើពុកពូកែរកសុីដូចពូកែផឹកស្រាម្លេ៉ះសមគ្រួសារយើងធូរធារដូចគ្រួសារដទៃមិនខានឡើយតែនេះ ពុកគិតតែផឹកតាំងពីព្រឹករហូតដល់យប់ជ្រៅកណ្តាលអធ្រាត្រក៏មិនទាន់ឈប់ទៀត ។

ស្ត្រីជាប្រពន្ធបានបន្តថា គ្រាន់តែគាត់ និងកូននិយាយដូច្នេះធ្វើឲ្យប្តីគាត់ស្ទុះមក វាយរូបគាត់និងកូនយ៉ាងចាស់ដៃបណ្តាលឲ្យរងរបួសដៃទាំង២នាក់ម៉ែកូនតែម្តង ។

នគរបាលស្រុកសំរោងទងបានឲ្យដឹង ថា បន្ទាប់ពីកើតហេតុការណ៍នេះប្រពន្ធនិងកូនបានទៅប្តឹងសមត្ថកិច្ច ហើយនៅរសៀល ថ្ងៃដដែលសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនឈ្មោះ សោម ពុធ យកទៅសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចបុរសចិតភ្លើង រូបនេះបានឆ្លើយសារភាពថា មូលហេតុដែលគាត់ប្រើអំពើហិង្សាលើប្រពន្ធកូនដោយសារខឹងនឹងពួកគេនិយាយមើលងាយរូប ខ្លួនជាប្តីនិងជាឪពុក។ បុរសរូបនេះបាន ទទួលស្គាល់កំហុស និងសារភាពថា ពិតជា បានវាយទៅលើប្រពន្ធនិងកូនប្រាកដមែន។

ក្រោយសាកសួរជនដៃដល់ចប់សមត្ថ កិច្ចបានកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖