ព័ត៌មានទាន់ហេតុការណ៍៖

ពូទីន៖ ក្រុមហ៊ុនផលិតអាវុធទាំងអស់ត្រៀមលក្ខណៈធ្វើសង្គ្រាមគ្រប់ពេលវេលា

ចែករំលែក៖

រុស្ស៊ី គឺជាប្រទេសដែលចំណាយប្រាក់ច្រើនលំដាប់ទី៣ សម្រាប់ការពារជាតិ បន្ទាប់ពីអាមេរិក និងចិន។ ក្រុមហ៊ុនផលិតអាវុធការពារជាតិទាំងអស់របស់រុស្ស៊ី ក៏ស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ដោយត្រៀមផ្តល់អាវុធគ្រប់ពេលដែលត្រូវការ។

ប្រធានាធិបតី ពូទីន បានស្នើដល់បណ្តាក្រុមហ៊ុនផលិតអាវុធទាំងអស់ ក៏ដូចជាក្រុមហ៊ុនឧស្សាហកម្មផ្សេងៗទៀត ត្រូវតែត្រៀមលក្ខណៈបំពេញកាតព្វកិច្ចពេលមានសង្គ្រាមកើតឡើង គ្រប់ពេលវេលា។

លោក ពូទីន បញ្ជាក់ថា សង្គ្រាមអាចកើតឡើងបានគ្រប់ពេលវេលា ហើយបណ្តាក្រុមហ៊ុនទាំងនោះត្រូវតែត្រៀមលក្ខណៈផលិតគ្រប់ពេលវេលានៅអ្វីដែលចាំបាច់។

ការលើកឡើងខាងលើ របស់លោក ពូទីន នៅក្នុងកិច្ចប្រជុំជាមួយបណ្តាមេទ័ព នៅទីក្រុងស៊ូជី កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ កន្លងមកលោក ពូទីន បានបញ្ជាក់ថា ប្រសិនបើចង់នាំមុខលើអឺរ៉ុបស្តីពីបច្ចេកវិទ្យាយោធា គឺចាំបាច់ត្រូវតែល្អជាងនេះ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបានចំណាយប្រាក់ជាច្រើនសម្រាប់សកម្មភាពការពារជាតិ និងបង្កើនការធ្វើសមយុទ្ធ ដើម្បីឲ្យកម្លាំងទាហាន មានការត្រៀមលក្ខណៈធ្វើសង្គ្រាមគ្រប់ពេលវេលា។

បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសធំទី៣ ដែលបានចំណាយប្រាក់ច្រើនទៅលើសកម្មភាពការពារជាតិ។

លោក ពូទីន បានបញ្ជាក់ផងដែរថា កំណើនសេដ្ឋកិច្ចបានជួយបំពេញការខ្វះខាតរបស់យោធា ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសន្តិសុខជាតិ។

ក្រោយមួយរយៈពេលចំណាយទៅលើការអភិវឌ្ឍផលិតអាវុធទំនើបៗទាន់សម័យ រុស្ស៊ីបានបង្ហាញនៅអាវុធថ្មីៗជាច្រើន ដែលមានប្រសិទ្ធិភាព ក្នុងនោះមានរថក្រោះ Armata កាំជ្រួចមីស៊ីលឆ្លងទ្វីប យន្តហោះទម្លាក់គ្រាប់ល្បឿនលឿន កម្លាំងទាហានរ៉ូបូតជាដើម។ លោក ពូទីន បន្តទៀតថា នៅឆ្នាំ២០២០ រុស្ស៊ីនឹងមានទាហានរ៉ូបូតដំបូងចូលរួមនៅក្នុងសមរភូមិ។

ការត្រៀមលក្ខណរបស់រុស្ស៊ី ក្នុងពេលដែលស្ថានភាពពិភពលោកនៅតែបន្តតានតឹងហើយអាមេរិកនៅតែបង្កើនកម្លាំងយោធា ជាច្រើននៅជិតព្រំដែនរុស្ស៊ី។ អាមេរិកបានចាត់ទុករុស្ស៊ីគឺជាការគំរាមកំហែងដល់មហាអំណាចទី១របស់អាមេរិក។

កន្លងមកថ្មីៗ កងកម្លាំងរបស់សហរដ្ឋអាមេរិកបានសម្រេចនឹងដាក់ពង្រាយទៅកាន់ប្រទេសប៊ុលហ្គារី ដែលវាគឺជាផ្នែកមួយ នៃប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហានៅតំបន់អាត្លង់ទិក។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីការពារជាតិប៊ុលហ្គារី កាលពីថ្ងៃអង្គារ ម្សិលមិញ ហើយបានបញ្ជាក់ទៀតថា ការបញ្ជូនកងកម្លាំងទាំងអស់នោះ នឹងត្រូវបញ្ចប់ទៅត្រឹមចុងសប្តាហ៍នេះនៅឯទីលានហ្វឹកហាត់ Novo Selo ដែលជាទីតាំងមូលដ្ឋានទ័ពអាមេរិកមួយក្នុងចំណោមមូលដ្ឋានទ័ពអាមេរិកទាំង៤ ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសប៊ុលហ្គារី។

គួរបញ្ជាក់ថាប្រទេសប៊ុលហ្គារី ដែលជាសមាជិកមួយផងដែរ ក្នុងអង្គការណាតូ បានចុះកិច្ចព្រមព្រៀងផ្នែកកិច្ចសហការលើវិស័យការពារជាតិអាមេរិកតាំងតែពីឆ្នាំ២០០៦ ដោយ ក្នុងនោះការបញ្ជូនទ័ព អាមេរិកទៅកាន់មូលដ្ឋានទ័ព Novo Selo នឹងត្រូវមានរហូតទៅដល់២.៥០០ ដែលជាចំនួននៅក្នុងកិច្ចព្រមព្រៀងគ្នា៕ ម៉ែវ សាធី


ចែករំលែក៖