ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានឆ្មក់ និងបង្ក្រាបបន្ទប់ជួលមួយកន្លែងដែលបើកលេងល្បែងសុីសងខុសច្បាប់(អ្នកកត់កន្ទុយលេខ)ឃាត់ខ្លួនបានមនុស្ស៣នាក់ក្នុងនោះស្ត្រីម្នាក់ជាមេនិង២នាក់ទៀតជាអ្នកជួយកត់។
ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នៅបន្ទប់ជួលផ្ទះលេខ៤អាផ្លូវ១០០៧ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ក្នុងចំណោមមនុស្សទាំង៣នាក់ ដែលឃាត់ខ្លួននោះ ១/ឈ្មោះ កែវ សុខឿន ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤អា ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាមេកត់ឆ្នោតវៀតណាម)។ ២/ឈ្មោះ ហួត ដានី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរស៊ីកត់ឆ្នោតឲ្យឈ្មោះកែវ សុខឿន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ៣/ឈ្មោះ ភន សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរស៊ីឈ្នួលកត់ឆ្នោតឲ្យឈ្មោះកែវ សុខឿន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងល្បែងស៊ីសងខាងលើ (កត់ឆ្នោតវៀតណាម) កម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ អធិការនគរខណ្ឌសែនសុខបានឲ្យលោកដឹកនាំកម្លាំងចុះទៅគោលដៅខាងលើ និងបង្ក្រាបឃាត់ខ្លួនជាក់ស្តែងបានមនុស្សប្រុសស្រី០៣នាក់ និងដកហូតសម្ភារ វត្ថុតាងមួយចំនួន។
សមត្ថកិច្ចសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានសហការល្អ ជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិ សង្កាត់សុវត្ថិភាព) ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើង និងល្បែងស៊ីសង ខុសច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការនៅពេលក្រោយ៕ តុង សីហា