ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយកគ្រប់គ្រង នៃក្រុមហ៊ុន Credit Suisse នៃប្រទេសស្វីស

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ លោក អាន់ទ្រៀ ហ្គឺប៊ឺ (Adreas Gerber) នាយកគ្រប់គ្រង នៃក្រុមហ៊ុន Credit Suisse ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនជាច្រើនរូបទៀត របស់ប្រទេសស្វីស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍លោក Adreas Gerber ក៏ដូចជាប្រធានក្រុមហ៊ុនផ្សេងទៀត លើវិស័យចម្រុះ ខាងផ្នែកធនាគារ និងហិរញ្ញវត្ថុ, អចលនទ្រព្យ, ការសាងសង់ជាដើម។ លោក Adreas Gerber បានជម្រាបជូនសម្តេចតេជោថា វត្តមានរបស់ប្រតិភូវិនិយោគិននេះ គឺដើម្បីស្វែងរកការពិត អំពីស្ថានភាពសេដ្ឋកិច្ច វិនិយោគ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូទាំងអស់ អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយសម្តេចក៏បានជម្រាបជូនប្រតិភូថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជាមាន២ គឺកម្ពុជាពិត និងកម្ពុជាលើទំព័រសារព័ត៌មាន។ ជាងនេះដែរ សម្តេចបានជម្រាបជូនអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការរីកចម្រើនយ៉ាងច្រើន ដូចប្រតិភូបានមើលឃើញជាក់ស្តែង។

លោក Adreas Gerber ក៏ដូចជាប្រធានក្រុមហ៊ុនផ្សេងៗទៀត បានផ្លាស់ប្តូរមតិជាមួយសម្តេចតេជោ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពពិត នៅប្រទេសកម្ពុជា ហើយក៏មានការត្រេកអរពីអ្វី ដែលពួកគាត់បានមើលឃើញ ពីការរីកចម្រើន របស់ប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ជូនទៅកាន់ប្រតិភូថា អ្វីដែលកម្ពុជានៅតែផ្តល់អាទិភាព គឺវិស័យ៤៖ វិស័យអភិវឌ្ឍន៍ធនធានមនុស្ស, ទឹក, ផ្លូវ និងវិស័យអគ្គីសនី។

គណៈប្រតិភូក៏បានសួរ សម្តេចតេជោ ផងដែរថា តើបច្ចុប្បន្ននេះ កម្ពុជាមានវិស័យអ្វីខ្លះ ដែលសម្តេចតេជោយល់ឃើញថា ក្រុមហ៊ុនស្វីស គួរតែវិនិយោគបាននៅកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា ក្រុមហ៊ុនស្វីស គួរតែវិនិយោគលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសារតែក្រុមហ៊ុន Credit Suisse ជាធនាគារមួយលំដាប់អន្តរជាតិ។ ជាងនេះទៀត សម្តេចតេជោ ក៏បានលើកទឹកចិត្ត ឲ្យមានការវិនិយោគ លើវិស័យធនធានមនុស្ស និងទេសចរណ៍ ដោយសារបច្ចុប្បន្ននេះ កម្ពុជាមានទេសចរប្រមាណ៥,៥លាននាក់ ហើយតាមការប៉ាន់ស្មាន់ នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ប្រមាណ៥,៨លាននាក់ ដែលមកពីក្រៅប្រទេស។ សម្តេចបានលើកឡើងដែរថា ពីដើមឡើយ ក្រុមហ៊ុនមួយចំនួននៅកម្ពុជា បានផ្តោតទៅលើបរិមាណ ប៉ុន្តែការវិវឌ្ឍន៍ចុងក្រោយនេះ គឺមិនត្រឹមតែបរិមាណទេ គឺបានគិតគូរទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានចាប់អារម្មណ៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវចខ្ចប់ដែលជាតម្រូវការសំខាន់បំផុតនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងជូនពរគណប្រតិភូទាំងអស់ជោគជ័យក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕


ចែករំលែក៖