ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានជួបជាមួយលោកតំណាងគណប្រតិភូក្រេឌិតស្វីសរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួប លោក ចន រ៉ាយ (Jonh E. Rice) អនុប្រធានក្រុមហ៊ុន GE របស់សហរដ្ឋអាមេរិកដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។
លោក Jonh E. Rice បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថាបច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យសំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាលដែលទាក់ទងនឹងឧបករណ៌ពេទ្យដែលកន្លងមកត្រូវបានប្រើក្នុងមន្ទីរពេទ្យជាច្រើនមកហើយ។ នេះជាលើកទី៥ហើយដែល លោក Jonh E. Rice បានជួបសម្តេចតេជោ។ លោក Jonh E. Rice បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោ ដែលបានគាំទ្រ និងជួយសម្រួល និងជំរុញកិច្ចការវិនិយោគរបស់ក្រុមហ៊ុន GE រហូតដល់មានការរីកចម្រើនមកដល់ពេលនេះ។
លោក Jonh E. Rice បានជំរាបជូនថា ក្រុមហ៊ុន GE កំពុងសិក្សាលើការផលិតថាមពលអគ្គសនីដើរដោយធ្យូងថ្ម ក្នុងខេត្តព្រះសីហនុ ផងដែរ ទន្ទឹមនេះ ក្រុមហ៊ុន ក៏កំពុងសិក្សាលើបណ្តាញអគ្គិសនី និងការបែងចែកអគ្គសនី ទៅកាន់ប្រជាពលរដ្ឋផងដែរ ដែលគម្រោងនេះនឹងបញ្ចប់នាចុងឆ្នាំ២០១៧នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងមានតម្រូវអគ្គិសនីចម្រុះ គ្រប់ទីកន្លែង គឺទាំងវារីអគ្គិសនី និងថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម។ ដោយឡែក ក្រុមហ៊ុន GE ក៏បានជួយក្នុងជំហ៊ានទី១ក្នុងការប្រើប្រាស់ទឹកស្អាតនៅតាមមន្ទីរពេទ្យចំនួន១២រួចមកហើយ។ ក្រុមហ៊ុន GE នឹងបន្តជំហានទី២ ក្នុងការជម្រុញការប្រើប្រាស់ទឹកស្អាតនេះ នៅតាមមន្ទីរពេទ្យចំនួន១២ ផ្សេងទៀតនៅកម្ពុជា។
ដោយសារលោក Jonh E. Rice មានបទពិសោធន៌ច្រើនក្នុងកិច្ចការអភិវឌ្ឍន៌នៅកម្ពុជា និងដោយសារលោក នឹងត្រូវចូលនិវត្តន៌ពីការងារនៃក្រុមហ៊ុន GE ផងនោះ សម្តេចតេជោ នឹងស្នើសុំដល់ព្រះមហាក្សត្រ អោយ លោក ចនរ៉ាយ មានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាការឆ្លើយតប លោក ចនរ៉ាយ បានសម្តែងនូវមោទនភាពក្នុងការទទួលយកតួនាទីនេះ ដោយលោកសន្យាថា នឹង ខិតខំចូលរួមបំរើដល់ការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ