ភ្នំពេញ ៖ ស្ត្រីម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ទឹក ចោលកូនតូចអាយុប្រហែល៦ឆ្នាំ ទុកឲ្យនៅកំព្រា ដោយបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង នៅវេលាម៉ោង១២ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលគ្មានលេខ ជាប់ផ្លូវបេតុង ច្រកចូលឡឥដ្ធ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកើតហេតុខាងលើបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ម៉ា ហៀត អាយុ៣៦ឆ្នាំ ជនជាតិខ្មែរអុីស្លាម មានមុខរបរបម្រើការងារនៅក្នុងកោះពេជ្រ (ផ្នែកអនាម័យ) និងមានស្រុកកំណើតនៅភូមិព្រែកស្ដៅ ឃុំត្រពាំងខ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃុំ រួមទាំងមានកូនតូចម្នាក់ ឈ្មោះ លី ត ភេទប្រុស អាយុប្រហែល៦ឆ្នាំ ស្នាក់នៅជាមួយស្ត្រីរងគ្រោះក្នុងបន្ទប់ជួលកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានហៅស្ត្រីរងគ្រោះលេងដូចសព្វមួយដង តែអំឡុងពេលហៅស្ត្រីរងគ្រោះមិនឆ្លើយ ក៏មាននារីម្នាក់ដែលធ្វើការជាមួយបានចូលក្នុងបន្ទប់មើល ហើយក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកទាំងស្លៀកខោខ្លីបានត្រឹមជង្គង់ ភ្លាមៗ ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងកោសល្យវិច័យ ។
បើតាមសមត្ថកិច្ចដែលជំនាញខាងលកោសល្យវិច័យបានប្រាប់ឲ្យដឹងថា សពស្ត្រីរងគ្រោះខាងលើ គឺស្លាប់ដោយសារតែ គាំបេះដូង ។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិឆ័យរួចរាល ក៏ប្រគល់សពឲ្យទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅស្រុកកំណើតតាមប្រពៃណី៕ ភារ៉ា ដង្កោ