ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់បោក «លោកអ្នកឈ្នះរង្វាន់ធំ១ម៉ឺនដុល្លារ »អស់លុយ៩៥០ដុល្លារ ទើបភ្ញាក់ខ្លួនព្រឺត

ចែករំលែក៖

ភ្នំពេញ ៖ ល្បិចឆបោកតាមប្រព័ន្ធទូរស័ព្ទតាមរយៈត្រូវរង្វាន់ពីក្រុម ហ៊ុននេះ ក្រុមហ៊ុននោះ ត្រូវបានក្រុមជនសង្ស័យ១ក្រុមទៀតប្រើវិធីយកលុយពីជនរងគ្រោះរាប់ពាន់រាប់ម៉ឺនដុល្លារយ៉ាងស្រួល បើទោះបីកន្លងមក កម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានជនសង្ស័យមួយក្រុមយកទៅញាត់ពន្ធធនាគារហើយក៏ដោយ ។

ជាក់ស្តែងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ យុវជនម្នាក់ឈ្មោះឃុល វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ លក់ភេសជ្ជៈ មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ដែលខំរកស៊ីលក់ដូរទម្រាំសន្សំលុយកាក់សល់បានបន្តិចបន្តួច បានមកចាញ់ល្បិចក្រុមឆបោក តាមរយៈទូរស័ព្ទ «លោកអ្នកឈ្នះរង្វាន់ធំ នូវទឹកប្រាក់១ម៉ឺនដុល្លារ» ពីធនាគាអេស៊ីលីដា ទាមទារឲ្យផ្ញើលុយដើម្បីធ្វើឯកសារ រត់ការទៅបើករង្វាន់ល្ងាចថ្ងៃនេះ។ ផ្ទុយទៅវិញលុយ៩៥០ដុល្លារ ត្រូវក្រុមឆបោកមិនស្គាល់មុខបោកគ្មានក្តីមេត្តាដោយគេប្រើល្បិចឲ្យយុវជនរូបនេះផ្ញើលុយតាមវីងជាបន្តបន្ទាប់ តែពេលបានផ្ញើ លុយចំនួន៩៥០ដុល្លារហើយ ស្រាប់តែក្រុមជនសង្ស័យផ្តាច់ការទំនាក់ទំនងតាមទូរស័ព្ទលែងបាន។ទីបំផុត ជនរងគ្រោះបានត្រឹមកាន់ប័ណ្ណផ្ញើលុយទៅក្រុមជនសង្ស័យចំនួន៣សន្លឹកមានទឹកប្រាក់ចំនួន៩៥០ដុល្លារទៅប្តឹងនគរបាលប៉ុស្តិ៍កាកាបឲ្យជួយធ្វើអន្តរាគមន៍តែប៉ុណ្ណោះ ។

តាមសម្តីជនរងគ្រោះប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គាត់បានទទួល ទូរស័ព្ទ ពីជនអនាមឹកម្នាក់ដែលអួតខ្លួនថាគេជាភ្នាក់ងារ ក្រុមហ៊ុនអេសុីលីដា ដោយប្រាប់ថា« លោកអ្នកឈ្នះនូវរង្វាន់ធំមហាសាល នូវទឹកប្រាក់១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ពីធនាគា អេស៊ីលីដា» ។គ្រាន់តែឮថាឈ្នះរង្វាន់ធំ១ម៉ឺនដុល្លារភ្លាម គាត់ត្រេកអរសឹងហោះនិងគិតថា ពីថ្ងៃនេះទៅមិនចាំបាច់លក់ទឹកក្រូច ភេសជ្ជៈទៀតទេ។បន្ទាប់មកជននោះនិយាយបញ្ចុះបញ្ចូល ទាមទារយកលុយពីគាត់ដើម្បីទៅរត់ឯកសារ បើករង្វាន់ មហាសាលខាងលើ ចំនួន១ពាន់ដុល្លារជាមុនសិន។ដោយសារខំទុកចិត្ត គាត់ក៏ ផ្ញើលុយ តាមរយៈលេខទូរស័ព្ទ 086 403661 និង 086 230693 ចំនួន៤ដងអស់លុយសរុប៩៥០ដុល្លារ លុះលើកចុងក្រោយ ភាគីជនឆបោកបានទាមទារលុយ១៥០ដុល្លារទៀត តែគាត់អស់លុយពីខ្លួនក៏ដើរខ្ចីលុយគេបម្រុងផ្ញើទៅម្តងទៀត។លុះដើរខ្ចីលុយគេមិនបាន គាត់ក៏និយាយរឿងរ៉ាវនេះប្រាប់គេ ទើបភ្ញាក់ខ្លួន ព្រោះគេប្រាប់ថា គាត់ចាញ់ល្បិចគេហើយគ្រាដែល ទូរស័ព្ទ២ខ្សែរបស់ភាគីខាងលើនេះ ត្រូវបានបិទ ទាក់ទងលែងបាន។

យ៉ាងណាសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបបានត្រឹមទទួលពាក្យបណ្តឹង និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃធ្វើការសញរាវជ្រាវប៉ុណ្ណោះ ព្រោះថា កន្លងមកក្រុមឆបោករូបភាពបែបនេះ ត្រូវបានកម្លាំងជំនាញ ស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបានមួយក្រុម ញាត់ពន្ធធនាគារម្តងហើយ។ ម្តងនេះគេរង់ចាំមើលថាតើកម្លាំងជំនាញស្រាវជ្រាវ តាមចាប់បង្ក្រាបក្រុមបោកប្រាស់ថ្មីនេះបានដែរឬយ៉ាងណា?

ក្នុងករណីបែបនេះ សមត្ថកិច្ចបានអំពាវនាវសូម បងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នកុំចាញ់បោកក្រុមនេះតទៅទៀត៕ សុខាសែនជ័យ


ចែករំលែក៖