ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់ជាង១ម៉ឺននាក់នៅទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២២ ខណៈជនបរទេសមកពី៧៦ប្រទេសកើនជាង៥ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា បញ្ជីឈ្មោះអ្នករត់ដែលជាជនបរទេស គណៈកម្មការរៀបចំព្រឹត្តិការណ៍ បានបិទបញ្ចប់ហើយនូវពេល ព្រោះចំនួនអ្នកចូលរួមបានកើនដល់ជាង១ម៉ឺននាក់ទៅហើយ ។ ម្យ៉ាងទៀត បរិវេណប្រាសាទអង្គរវត្ត ក៏មិនអាចផ្ទុកមនុស្សច្រើនជាង១៥០០០នាក់ដែរ ដូច្នេះការបិទបញ្ជីឈ្មោះអ្នករត់ ដែលជាជនបរទេសនោះ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង របស់គណៈកម្មការរៀបចំ ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅតែបន្តទទួលចុះឈ្មោះនូវឡើយ។ នេះជាការថ្លែងអះអាង របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។

លោកអគ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំង ដែលគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ស្របនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា រៀបចំពិធីបួងសួងសុំសេចក្តីសុខជូនប្រទេសកម្ពុជា ។

លោកថា ព្រឹត្តិការណ៍ទាំង២នេះនិងបង្ហាញកាន់តែច្បាស់ដល់អន្តរជាតិ អំពីតម្លៃនៃសន្តិភាព ប្រទេសកម្ពុជា ភាពការរីកចម្រើន លើគ្រប់វិស័យ។ ដោយមើលឃើញពីសុវត្ថិភាពនេះហើយ ទើបអ្នករត់ប្រណាំង មកពីជុំវិញពិភពលោក ចុះឈ្មោះចូលរួមរត់ប្រណាំងកាន់ច្រើនឡើង ដែលនាំឲ្យគណៈកម្មការរៀបចំ បង្ខំចិត្តបិទការចុះឈ្មោះ ជនបរទេសដែលមានបំណងមកចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

លោក អគ្គលេខាធិការ បានថ្លែងបញ្ជាក់ថា នេះជានយោបាយមួយរបស់លោករដ្ឋមន្ត្រី ថោង ខុន និងជាប្រធានNOCC បានលើកឡើងថា ជារូបភាពមួយដ៏ល្អ គឺប្រជាពលរដ្ឋទាំង៧៦ប្រទេសគ្រប់ជនជាតិទាំងអស់ ច្រើនជាងគឺអឺរ៉ុប ដូចជា បារាំង អង់គ្លេស និង អាមេរិក ដូចមកគាំទ្រអប់អរសាទរនូវសេចក្តីសុខ និងសន្តិភាពរបស់កម្ពុជា ក្នុងពិធីទាំង២នេះដែរ។

លោកថា រហូតមកដល់ពេលនេះគណៈកម្មការទទួលបានអ្នកចុះឈ្មោះមួយម៉ឺននាក់ហើយ ក្នុងនោះ ជនបរទេសជាង៥០០០នាក់ និងប្រជាពលរដ្ឋខ្មែរជាង៤០០០នាក់ នេះគឺជាជោគជ័យមួយរបស់ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាអន្តរជាតិលើកទី២២ ឆ្នាំ២០១៧ និងជាជោគជ័យមួយ ហើយជោគនេះធ្វើចំថ្ងៃប្រារពពិធីបូងសួងសុំសេចក្តីសុខជូនកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្ថែមថា ភាពជោគជ័យ ត្រូវបានផ្សព្វផ្សាយ អំពីការសន្តិភាព និងស្ថេរភាពនយោបាយ ហើយកម្មវិធីនិងបង្កលក្ខណៈសប្បាយរីករាយដល់ជនបរទេសនិងប្រជាពលរដ្ឋខ្មែរ ដែលចូលរួមផងដែរ។

ក្នុងព្រឹត្តិការណ៍ ក៏មានបណ្តាញផ្សព្វផ្សាយអន្តរជាតធំៗចំនួន គឺភ្នាក់ងារទូរទស្សន៍ស៊ីអិនអិន(CNN) ទូរទស្សន៍ប៊ីប៊ីស៊ី(BBC) និង ទូរទស្សន៍ អិនហាស់កា របស់ជប៉ុន(NHK)ផងដែរ ។ លោកបានចាត់ទុកថា ការចូលរួមពីបណ្តាញផ្សព្វផ្សាយធំៗរបស់អន្តរជាតិនេះ កាន់តែធ្វើឲ្យមានអត្ថន័យជ្រៀលជ្រៅ ក្នុងព្រឹត្តិការណ៍ទាំង២ខាងលើ និងធ្វើឲ្យកម្ពុជា មានកេរ្តិ៍ល្បីនៅលើឆាកអន្តរជាតិជាពុំខាន់ឡើយ ៕ សារីម


ចែករំលែក៖