ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX ៣០០ ២គ្រឿងបើកបញ្ច្រាសទិសបុកគ្នារងរបួសស្រ្តីម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តឡិចស៊ីស RX ៣០០ ២គ្រឿងបើកបញ្ច្រាសទិសបុកគ្នាពេញទំហឺងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវបំបែកលេខ ១១៤ ស្ថិតក្នុងភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យនគរវត្តដឹងថា រថយន្តបង្កហេតុម៉ាក ឡិចស៊ីស RX ៣០០ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២ AQ ៣៨២០ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញាណ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តនៅនឹងកន្លែង។

ចំណែកភាគីម្ខាងទៀតជិះរថយន្តម៉ាកឡិចស៊ីស RX ៣០០ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AH ០៩៩១ បើកបរដោយឈ្មោះ ហែម សុគន្ធារី ភេទ ស្រី អាយុ ៥៥ ឆ្នាំ មុខរបរលក់ដូររស់នៅភូមិ រោងបន្លែសង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀងរងរបួសស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្ដម៉ាកឡិចស៊ីស RX ៣០០ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២ AQ ៣៨២០ ដោយធ្វើដំណើរពីជើងទៅត្បូង មិនគោរពសិទ្ធិអាទិភាព លុះដល់ផ្លូវបំបែកស្រាប់តែមាន រថយន្ដម៉ាកឡិចស៊ីស RX ៣០០ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AH ០៩៩១ បើកបរដោយស្ត្រីម្នាក់ដែលបើកបរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសគ្នា បុកពេញទំហឺងលាន់សូរដូចរន្ទះបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីបង្កហេតុ អ្នកជិះរថយន្តឡិចស៊ីស RX ៣០០ ពណ៌ ស បានបើកទ្វាររត់គេចខ្លួនតែម្ដង ចំណែក រថយន្ដខូចខាតធ្ងន់ ។

បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងបានមកដល់ និងវាស់វែងយកនារីរងគ្រោះទៅកាន់មន្ទីរពេទ្យព្រមទាំងអូសរថយន្ត២គ្រឿងមក រក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀងដោះស្រាយពេលក្រោយ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបញ្ជាក់ថា មូលហេតុ ដោយសារតែរថយន្ដម៉ាកឡិចស៊ីស RX ៣០០ ពាក់ស្លាកលេខ​ ភ្នំពេញ ២AQ ៣៨២០ មិនគោរពសិទ្ធិអាទិភាពនៅផ្លូវបំបែក៕ យឹម សុថាន


ចែករំលែក៖