ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាការ៉ាតេដូកម្ពុជារំពឹងខ្ពស់នូវសិទ្ធិស្របច្បាប់សម្រាប់ចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នៅជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំ របស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន សហព័ន្ធកីឡាការ៉ាតេដូកម្ពុជាបានធ្វើឲ្យវិស័យកីឡានេះ មានការប្រែព្រួលច្រើន បង្កើនទំនុបចិត្តដល់កីឡាករកីឡាការិនីយ៉ាងខ្លាំង តាមរយៈការរៀបចំឲ្យមានសាលសម្រាប់បម្រើដល់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាប្រសាសន៍លើកឡើង របស់លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងប្រាប់អ្នកសាសរព័ត៌មាន ក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេដូ ជ្រើសរើសជើងឯកទូទាំងប្រទេស កាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៧ នីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកវ៉ាត់ ចំរើន ថ្លែងក្នុងនាមតំណាង លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នបានឲ្យដឹងថា ការប្រកួតនេះធ្វើយ៉ាងណាបង្ហាញពីសាមគ្គីភាព ការប្រែព្រួលថ្មី ជាពិសេសការ៉ាតេដូ មានសាលដ៏ប្រណីតមួយក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលប្រទេសមួយចំនួនក៏ទាន់អាចធ្វើបានដូចកម្ពុជាដែរ។ ព្រោះទីកន្លែងនោះ បានបំពាក់នូវហេដ្ឋានរចនាសម្ព័ន្ធតាមស្តង់ដាអន្តរជាតិទាំងអស់ អ្វីដែលសំខាន់បំផុតគឺ កីឡាករកីឡាការិនីដេលជ្រើសចេញពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធនិងយកបណ្តុះបណ្តាល ស្នាក់នៅហ្វឹកហាត់នៅទីនេះតែម្តង ។

លោកអគ្គលេខាធិការអូឡាំពិកកម្ពុជា បានលើកឡើងពីយុទ្ធសាស្ត្រ របស់ប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ថា លោកទេសរដ្ឋមន្ត្រីមានយុទ្ធសាស្ត្រដាក់ចេញដោយធ្វើយ៉ាងណា ឲ្យវិស័យកីឡាការ៉ាតេដូនេះ មានសិទ្ធិគ្រប់គ្រាន់ អាចទៅចូលរួមប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុនបានដោយជោគជ័យ ។ លោកថា កីឡាការ៉ាតេដូគឺជាកីឡាដែលមានប្រភពដើមចេញពីប្រទេសជប៉ុន ។

ជាងនេះទៀត លោកទេសរដ្ឋមន្ត្រីបានផ្តោតជាយុទ្ធសាស្ត្រសម្រួចទៅឆ្នាំ២០២៣ដែលប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ធ្វើយ៉ាងណាឲ្យកីឡាការ៉ាតេដូក្លាយជាកីឡាមួយដែលមានសក្តានុពល ដែលអាចដណ្តើមយកមេដាយបានច្រើនជាងគេពីស៊ីហ្គមេ ផ្តើមចេញពីយុទ្ធសាស្ត្រទាំង២ខាងលើនេះហើយ លោកទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធគិតអំពីទីតាំងដែលមានលក្ខណៈស្តង់ដាដ៏ប្រណីតត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសនេះ ដូច្នេះតាមរយៈការប្រកួតនេះ កីឡាករកីឡាការិនី មានភាពសប្បាយរីករាយយ៉ាងខ្លាំង នូវពេលមកឃើញទីតាំងរបស់ពួកគាត់ ស្អាតស្របតាមស្តងដា ដែលជាកន្លែងអនុវត្តជំនាញបច្ចេកទេសរបស់ពួកគាត់។

គួរបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេស គ្រោងបញ្ចប់នារសៀលថ្ងៃអាទិត្យទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសាលកីឡានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕ សារីម


ចែករំលែក៖