ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី អ.ស.ប. នឹងមកដល់កម្ពុជាក្នុងខែធ្នូនេះ ដើម្បីប្រតិបត្តិការដោះគ្រាប់បែកគីមី ក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ក្រុមបច្ចេកទេសរបស់អង្គការ OPCW នឹងមកដល់កម្ពុជា ក្នុងខែធ្នូនេះ ខណៈការបើកប្រតិបត្តិការដោះគ្រាប់បែក នឹងចាប់ផ្តើមនៅចុងសប្តាហ៍ទី២ ខែធ្នូ។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបញ្ចប់បេសកកម្ម នៅប្រទេសហូឡង់ ដើម្បីជួបពិភាក្សាលម្អិតជាមួយមន្ត្រីរបស់ អង្គការហាមឃាត់អាវុធគីមី (Organization for the Prohibition of Chemical Weapons – OPCW) នៃអង្គការសហប្រជាជាតិ អំពីការបញ្ជូនក្រុមបច្ចេកទេសមកកម្ពុជា ដើម្បីពិនិត្យវាយតម្លៃ និងដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក លើទឹកដីខេត្តស្វាយរៀងនោះ ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា អ្វីៗនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ពួកគេនឹងមកដល់កម្ពុជាក្នុងខែធ្នូឆ្នាំ២០១៧នេះ ហើយប្រតិបត្តិការចុះដោះគ្រាប់បែក នឹងចាប់ផ្តើមនៅចុងសប្តាហ៍ទី២ ខែធ្នូនេះ។ ក្រុមជំនាញរបស់អាជ្ញាធរអាវុធគីមី បាននិងកំពុងរៀបចំកន្លែងស្នាក់នៅ សម្រាប់កម្លាំងប្រតិបត្តិការ និងសម្ភាសន៍សាក្សី ដែលបានជីកកប់គ្រាប់បែកគីមី នៅក្នុងភូមិសាស្ត្រឃុំគគីរ និងឃុំជិតៗនោះ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។

សូមជម្រាបថា ការសម្រេចបញ្ជូនក្រុមបច្ចេកទេសរបស់អង្គការ OPCW មកកម្ពុជានេះ ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតផ្លូវការ ស្នើឲ្យអង្គការមួយនេះ ដើម្បីបញ្ជូនក្រុមបច្ចេកទេសខាងអាវុធគីមី មកពិនិត្យវាយតម្លៃ និងចូលរួមបោសសម្អាតគ្រាប់បែកគីមី ដែលរកឃើញនៅលើទឹកដីខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ស្របតាមអនុសញ្ញាស្តីពីអាវុធគីមី របស់អង្គការសហប្រជាជាតិ។

គ្រាប់បែកគីមីដែលទម្លាក់ ដោយសហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរអាវុធគីមី និងស៊ីម៉ាក់ រកឃើញកើនឡើងរហូតដល់២២ទីតាំងថ្មីទៀត នៅក្នុងឃុំគគីរ និងឃុំក្បែរៗនោះ នៃស្រុករមាសហែក ខេត្តស្វាយរៀង។ គ្រាប់បែក១គ្រាប់ ត្រូវបានមន្ត្រីជំនាញដោះបាននៅក្នុង បរិវេណសាលាបឋមសិក្សាគគីរ។ បន្ទាប់ពីធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ មន្ត្រីជំនាញរបស់កម្ពុជា បានវាយតម្លៃថា គ្រាប់បែកនោះជាប្រភេទសារធាតុគីមី Nitrogen Mustard ហៅម្យ៉ាងទៀតថា Blister Agents អាចបង្កទុកទោសយ៉ាងធ្ងន់ធរដល់សុខភាពមនុស្ស ដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម មិនដូចទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិកដែលថា គ្រាប់បែកនោះត្រឹមតែជាឧស្ម័នបង្ហូរទឹកនោះឡើយ។

ក្រៅពីរកឃើញគ្រាប់បែកជាច្រើនទីតាំងហើយនោះ ប្រជាពលរដ្ឋនៅតំបន់នោះជិត១០០នាក់ ក៏បានរកឃើញរងគ្រោះ ដោយសារសារធាតុគីមីនេះផងដែរ ដោយមួយចំនួនធំ មានបញ្ហារមាស់ស្បែក ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជាបន្តបន្ទាប់ ខណៈកុមារ៣នាក់កើត មកមានសភាពខុសប្រក្រតី។

បើតាមរបាយការណ៍របស់សុីម៉ាក់ អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥.២៧៥ទីតាំង មានការហោះហើរទម្លាក់ចំនួន ២៣០.៥៤៤លើក មានចំនួនគ្រាប់ទម្លាក់ចំនួន ជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២.៨០៣.៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់ ៕ ប្រាថ្នា


ចែករំលែក៖