ភ្នំពេញ ៖ ការប្រកួតកីឡាទាញព្រ័ត្រដណ្តើមពានរង្វាន់ប្រចាំភូមិភាគវាលរាប ដែលរៀបចំការប្រកួតរយៈពេល៥ថ្ងៃ នៅលើទឹកដីខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ការប្រកួត ដោយជោគជ័យហើយ ។ ក្នុងនោះផ្នែកបុរសប្រកួតលើប្រភេទទម្ងន់៦៤០គីឡូក្រាម(ក្រុម) ម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ខណៈផ្នែកនារីប្រកួតលើប្រភេទទម្ងន់៥២០គីឡូក្រាម(ក្រុម) បានទៅខេត្តស្វាយរៀង លើកពានជ័យលាភីលេខ១កាលពីពេលថ្មីៗកន្លងទៅ ។
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាទាញព្រ័ត្រប្រចាំភូមិភាគវាលរាប ដែលធ្វើនៅទឹកដីខេត្តត្បូងឃ្មុំនេះ មានខេត្តចូលរួមចំនួន៥ គឺ ខេត្តកណ្តាល កំពង់ចាម ស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំជាម្ចាស់ផ្ទះ។ សរុបប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមចំនួន ១០៤នាក់ ក្នុងនោះមាន៩ក្រុម បុរស៤ក្រុម និងនារី៥ក្រុម ដោយធ្វើការប្រកួតលើ២វិញ្ញាសា បុរសទម្ងន់៦៤០គីឡូក្រាម និងវិញ្ញាសានារីទម្ងន់៥២០គីឡូក្រាម។
លោកប្រធានសហព័ន្ធ បានបញ្ជាក់ថា នេះជាភូមិភាគទី៤ហើយ ដែលសហព័ន្ធរៀបចំឡើង ហើយការប្រកួតនេះ ធ្វើឡើងក្នុងគោលដៅបំផុសវិស័យកីឡាទាញព្រ័ត្រ និងដើម្បីសម្រិតសម្រាំងកីឡាករ កីឡាការិនី ដែលមានទេព្យកោសល្យតាមបណ្តាខេត្តចម្រាញ់ឡើងមកប្រកួតថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រនាពេលខាងមុខ នៅរាជធានីភ្នំពេញ។
នាឱកាសនោះដែរលោក ប៊ូជុំ សិរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានជំរុញលើកទឹកចិត្តឲ្យសហព័ន្ធខិតខំបន្ថែមទៀត ក្នុងការបំផុសវិស័យកីឡាប្រពៃណីមួយនេះ ឲ្យក្លាយជាកីឡាដែលមានសក្តានុពលខ្លាំងឡើងប្រកួតប្រជែងលើឆាកអន្តរជាតិ ដើម្បីនាំយកមេដាយមកជូនជាតិ។ លោក អនុរដ្ឋលេខាធិការ បានលើកទឹកចិត្តកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីឲ្យខិតខំបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមប្រកួតប្រជែងការប្រកួតថ្នាក់ជាតិ នាពេលខាងមុខ។ រីឯក្រុមដែលមិនទទួលបានជយលាភីក្នុងការប្រកួតនៅពេលនេះ មិនត្រូវបាក់ទឹកចិត្តឡើយ ពោលគឺត្រូវហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដើម្បីប្រជែងយកជយលាភីនាឆ្នាំក្រោយ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រដណ្តើមពានរង្វាន់ភូមិភាគវាលរាបនេះ មានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីម្ចាស់ផ្ទះ និងមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនោះ ផ្នែកបុរសទម្ងន់៦៤០គីឡូក្រាម ចំណាត់ថ្នាក់លេខ១បានទៅលើខេត្តត្បូងឃ្មុំ លេខ២បានទៅលើខេត្តកណ្តាល លេខ៣បានទៅលើខេត្តកំពង់ចាម និងលេខ៤បានទៅលើខេត្តព្រៃវែង។
ផ្នែកនារីទម្ងន់៥២០គីឡូក្រាម លេខ១បានទៅលើខេត្តស្វាយរៀង លេខ២បានទៅលើខេត្តកណ្តាល លេខ៣បានទៅលើខេត្តត្បូងឃ្មុំ និងលេខ៤បានទៅលើខេត្តកំពង់ចាម។ ចំពោះថវិកាចំណាត់ថ្នាក់លេខ១ ទទួលបាន៩៦០.០០០រៀល, លេខ២បាន៧២០.០០០រៀល, លេខ៣បាន៤៨០.០០០រៀល លេខ៤ បាន២០០.០០០រៀល លេខ៥រង្វាន់លើកទឹកចិត្ត១០ម៉ឺន និងរង្វាន់អមគ្រប់ចំណាត់ទាំអស់ ក្នុងនោះ សហព័ន្ធឧបត្ថម្ភខេត្តក្នុងមួយខេត្ត៨០០.០០០រៀល ឧបត្ថម្ភបាយប្រតិភូគ្រូ និងកីឡាករ កីឡាការិនីក្នុងម្នាក់ ៤០.០០០រៀល ៕ សារីម