ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុករថយន្តកូរ៉ូឡាពីក្រោយជាប់គាំងចរាចរណ៍នៅស្ពានអាកាសក្បាលថ្នល់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័របុករថយន្តកូរ៉ូឡាពីក្រោយបណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅក្បែរស្ពានអាកាសក្បាលថ្នល់ផ្លូវព្រះមុនីវង្សកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅទល់មុខហាង៨៨១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ អ្នកលក់ងាវម្នាក់បាននិយាយថា តាមពិតទៅរថយន្តកូរ៉ូឡានោះបានបើកវ៉ាស្តាំដៃរថយន្តកុងតឺន័រហើយប៉ះកញ្ចក់រថយន្តកូរ៉ូឡាខ្លួនឯង។ រថយន្តកូរ៉ឡានោះក៏បត់ចូលពីមុខរថយន្តកុងតឺន័រជាន់ហ្វ្រាំងឈប់ពីមុខរថយន្តកុងតឺន័រធ្វើឲ្យអ្នកបើកបរជាន់ហ្វ្រាំងមិនជាប់ក៏បុកគូទរថយន្តកូរ៉ូឡានោះតែម្តងទៅ។

ភ្លាមៗនោះអ្នកបើកបររថយន្នកុងតឺន័រមើលឃើញសភាពមិនស្រួល ក៏រត់ចោលរថយន្តបន្សល់ទុករថយន្តកុងតឺន័រចតចោលកណ្តាលផ្លូវបណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C-2197។ ចំណែករថយន្តកូរ៉ូឡា ពាក់ស្លាកលេខភ្នំពេញ 2I-7921។ សមត្ថកិច្ចបន្តថា ក្រោយកើតហេតុភាគីទាំងពីរបានចចារគ្នាជាសំណង៤០០ដុល្លារ ដោយតំណាងក្រុមហ៊ុនសងថ្លៃជួសជុលរថយន្តកូរ៉ូឡា ៕ តាឡឹម


ចែករំលែក៖