ខេត្តត្បូងឃ្មុំ៖ ទីតាំងល្បែងស៊ីសងធំៗ២កន្លែង ដែលស្ថិតនៅភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរថ្នាក់ណាចាត់វិធានការអន្តរាគមន៍បង្ក្រាបឡើយ បើទោះបីទីតាំងខាងលើនេះបើកឲ្យខ្មែរចូលលេងដោយសេរីយ៉ាងណាក៏ដោយ។
ការមិនចាត់វិធានការបង្ក្រាប់ត្រូវបានប្រភពមួយចំនួនបង្ហើបឲ្យដឹងថា អ្នកបើកទីតាំងល្បែងស៊ីសងខាងលើមានខ្សែធំ និងម្យ៉ាងពួកគេបានរត់ការមិតមាត់ មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ។
ទីតាំងល្បែងស៊ីសងខាងលើ ទីមួយមិនមានដាក់ស្លាកយីហោច្បាស់លាស់នោះទេ បន្ទាប់ពីមានការបង្ក្រាបម្តង ខណៈដំបូងមានឈ្មោះថា កាស៊ីណូហេងហេង មួយទីតាំងទៀតជ្រកក្រោមស្លាក កាស៊ីណូ ឃីងរ៉ូស្ទ័រ ។
ទីតាំងទាំង២នេះ មានបើកល្បែងមាន់ជល់ ដែលអ្នកលេងល្បែងនេះ ហៅថាបក្សីកីឡា ឆ្នោតវៀតណាម យូគី និងអាប៉ោង រួមទាំងល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែលភាគច្រើនមានសុទ្ធតែខ្មែរចូលលេង ហើយមួយចំនួនធំជាមន្ត្រីរាជការថែមទៀតផង។
បើតាមអ្នកចូលលេងល្បែងក្នុងទីតាំងខាងលើបានបង្ហើបឲ្យដឹងថា ពួកគេមកលេងនៅទីនេះគឺមានសុវត្ថិភាពល្អព្រោះអ្នកបើកមានខ្នងធំ ខណៈត្រឹមថ្នាក់ខេត្តមិនហ៊ានបង្ក្រាបនោះទេ។
បើតាមប្រភពពីកាស៊ីណូឃីងរ៉ូស្ទ័របានបញ្ជាក់ឲ្យដឹងថា ខ្លួនមានច្បាប់អនុញ្ញាតិ ហើយបើមិនឲ្យខ្មែរចូលលេង បានលុយឯណាបង់ឲ្យរដ្ឋ និងមន្ត្រីពាក់ព័ន្ធ ។
ជុំវិញការបើកទីតាំងល្បែងស៊ីសង ហើយឲ្យខ្មែរចូលលេងភ្នាល់លុយធំៗនេះ ត្រូវបានប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តមេត្តាចាត់វិធានការត្រួតពិនិត្យផង ហើយបើខុសច្បាប់គួរតែបង្ក្រាបមិនត្រូវទុកឲ្យលេងយ៉ាងសេរីប៉ះពាល់ដល់សុខសុវត្ថិភាពពួកគាត់ឡើយ។
អភិបាលខេត្តត្បូងឃ្មុំគឺ លោក លី ឡេង បានឆ្លើយរបៀបដោះសារថា ការងារនេះគឺស្ថិតលើជំនាញ បន្ទាប់មកថា ជាប់រវល់មានភ្ញៀវ ហើយក៏បិទទូរស័ព្ទ ។ តើជំនាញថ្នាក់ណាទើបមានវិធានការត្រួតពិនិត្យ និងបង្ក្រាបបាន បើត្រឹមថ្នាក់ខេត្តដែលជាឪពុកម្តាយផ្ទាល់របស់ពលរដ្ឋមិនហ៊ានផងនោះ? ៕ វណ្ណៈ