ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិនបានសម្រេច ម្ចាស់គេតាមទាន់ទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូស្កូបពីមួយគ្រឿង ពេលដែលឃើញឱកាសល្អមានសោនៅជាប់ម៉ូតូ ខណៈម្ចាស់ទុកនៅក្នុងផ្ទះ តែត្រូវម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោដេញចាប់បានភ្លាមៗវាយម្នាក់មួយដៃមួយជើងរបួសទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកមកសួរនាំ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សួង សារី ភេទប្រុស អាយុ១៧ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងមានមុខរបរជាកម្មករសំណង់។ ដោយឡែកជន រងគ្រោះឈ្មោះ ទិត្យ ប៉ាន់យ៉ា ភេទប្រុស អាយុ២៩ មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកម៉ូតូជនរងគ្រោះម៉ាក ហុងដាស្កុបពី ស៊េរីឆ្នាំ២០១៣ ដែលពាក់ស្លាកលេខ ភ្នំពេញ1BL-3672 ។

បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងអង្គុយលេងក្នុងផ្ទះ ហើយម៉ូតូគឺប្អូនរបស់គាត់ទើបតែជិះមកពីទិញបាយហូបដោយមិនដកសោចេញពីម៉ូតូនោះទេ។

ប្រភពបានបន្តថា មួយសន្ទុះក្រោយមក ក៏មានជនសង្ស័យម្នាក់បានដើរចូលក្នុងផ្ទះឃើញមានសភាពស្ងប់ស្ងាត់ និងឃើញមានសោទៀតនោះ ក៏ឡើងជិះលើម៉ូតូបញ្ឆេះម៉ូតូបម្រុងលួច តែម៉ូតូមិនឆេះក៏ត្រូវគាត់ឃើញទាន់ស្រែកផ្អើលឆោឡោដេញចាប់បានភ្លាមៗតែម្ដង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធី ៕ ភារ៉ា​​​​​​​​​​​​​​​​​​​​ ដង្កោ


ចែករំលែក៖