ភ្នំពេញ៖ សាងមុខមាត់ក្នុងវិស័យសិល្បៈត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ផលិតកម្ម BN ធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ប៉ុន្តែស្រាប់តែពេលនេះ គេទទួលបាន ដំណឹងថា អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មនេះគ្រោងបិទដំណើរការ ដោយងាកមកបើកឈ្មោះផលិតកម្មថ្មីទៅវិញ ។ ដំណឹងនៃការបិទផលិតកម្មនេះចោលក្រោយលេចចេញភាពរកាំរកូសគ្នារវាងអ្នកគ្រប់គ្រងទូទៅនៃផលិតកម្ម BN នឹងថៅកែស្រីហាងបូរ៉ានិចកាត់ដេរជាច្រើនខែមក ។
គេចាំបានថា លោក គីម ថាណា បានសម្រេចចិត្តយកផលិតកម្មនេះមកគ្រប់គ្រងដោយខ្លួនឯងក្រោយលេចចេញភាពប្រទាំងប្រទើសធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពាក់កណ្តាលឆ្នាំនេះ ។ ប៉ុន្តែដំណឹងចុងក្រោយបានលេចចេញថាអ្នកគ្រប់គ្រងទូទៅរូបនេះគ្រោងបិទឈ្មោះផលិតកម្ម BNនេះចោល ហើយបើកដំណើរការផលិតកម្មថ្មី ដើម្បីបញ្ចប់ការ យល់ច្រឡំ ឬការលើកឡើងថា ឈ្មោះផលិតកម្មនេះស្ថិតក្រោមការជួយជ្រោមជ្រែងពីម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ខាងលើ។
ក្រោយកាន់ការងារជាអ្នកគ្រប់គ្រងផ្ទាល់អស់រយៈពេលជាច្រើនខែ ស្នាដៃបទចម្រៀង និងMV នៅតែបន្តនិងលេចចេញការគាំទ្រច្រើន ប៉ុន្តែដំណឹងចុងក្រោយដែលគេទទួលបាននោះគឺអ្នកគ្រប់គ្រងទូទៅរូបនេះ បានសម្រេចចិត្តបើកដំណើរការផលិតកម្មថ្មីមួយជំនួសផលិតកម្មមួយនេះព្រោះតែមិនចង់ឲ្យមានការយល់ច្រឡំនោះ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពី លោក គីម ថាណា បាននៅឡើយទេ ប៉ុន្តែបើយោងតាមប្រភពជិតដិតនឹងតារាចម្រៀងរូបនេះបង្ហើបថា ផលិតកម្មថ្មីដែលគ្រោងនឹងបើកដំណើរការនេះអាចនឹងជំនួសឈ្មោះផលិតកម្មចាស់ ។ ប្រភពបន្តថា ផលិតកម្មថ្មីនេះគ្រោងនឹងបើកដំណើរការការផលិតភាពយន្ត បន្ថែមពីលើការផលិតបទចម្រៀង និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម នោះ ហើយផលិតកម្មនេះគ្រោងនឹងបើកដំណើរការផលិតក្នុងពេលឆាប់ៗនេះផងដែរ។
គេនៅមិនទាន់ដឹងនៅឡើយទេថា តើការបើកដំណើរការផលិតកម្មថ្មីឈ្មោះថ្មី តែតារាចម្រៀងនិងផលិតករដដែលនេះនឹងត្រូវចំណាយដើមទុនច្រើនប៉ុណ្ណានោះដែរ៕ វឌ្ឍនា