ជើងហោះហើរជាច្រើន នៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន ប្រទេសចិន បានពន្យារពេលធ្វើឲ្យអ្នកដំណើរជាង១៥ពាន់នាក់ត្រូវជាប់គាំង ដោយសារតែអាកាសធាតុចុះអ័ព្ទយ៉ាងក្រាស់ឃ្មឹកមើលផ្លូវមិនឃើញសោះតែម្តង។
នេះជាលើកទី១ហើយ ដែលតំបន់នេះប្រឈមនឹងអាកាសធាតុធ្លាក់អ័ព្ទយ៉ាងក្រាស់មិនធ្លាប់មាន។ នៅពេលកន្លងមក ការចុះអ័ព្ទក្រាស់កើតឡើងនៅទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ ដែលជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ចិន។ ការចុះអ័ព្ទនៅទីក្រុងឆឹងទូ កើតឡើងនៅវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ដោយមានកម្រាស់៥០សង់ទីម៉ែត្រ ដែលបានធ្លាក់មកលើដងវិថីនានា នៅឯព្រលានយន្តអន្តរជាតិ Chengdu Shuangliu ធ្វើឲ្យយន្តហោះមិនអាចហោះហើរ និងចុះចតបាន។
មន្ត្រីគ្រប់គ្រងព្រលានយន្តហោះបានប្រកាសសញ្ញាឲ្យដឹង អំពីការហោះហើរដែលត្រូវពន្យារពេលនៅវេលាម៉ោង៦ និង៤៥នាទីព្រឹក។ ជើងហោះហើរ ចំនួន១៣ ត្រូវបានហោះហើររួចរាល់ កាលពីម៉ោង៦ ដល់ម៉ោង៩ព្រឹក។ ចំនួននេះតិចជាង១០ភាគរយ នៃការហោះហើរធម្មតា។ ជើងហោះហើរបានចាប់ផ្តើមហោះហើរទាំងអស់ឡើងវិញ នៅវេលាម៉ោង១១ និង២២នាទីព្រឹក។
នៅពេលរសៀល សរុបជើងហោះហើរចំនួន៤៤ ត្រូវបានលុបចោលទាំងស្រុង និងពន្យារពេលហោះហើរ ចំនួន១៨៥ទៀត។ ការពន្យារពេលហោះហើរនឹងបន្តរយៈពេល ប្រមាណលើសពី៥ម៉ោង៕ ម៉ែវ សាធី