ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ដោយសាររថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ អាណោចអាធ័មណាស់ ជនជាតិវៀតណាម២នាក់បានបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ ព្រោះតែរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ កាលពីវេលាម៉ោងរំលងអធ្រាត្រ ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង369 ស្ថិតក្នុងភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រួចហើយរថយន្តបង្កក៏បើកគេចខ្លួនបាត់ស្រមោល ។

តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ខាងលើ ទី១ ឈ្មោះ សាក់យី ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាគ្រូបង្រៀន ស្នាក់នៅលើទូក ជាប់មាត់ទន្លេ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២ ឈ្មោះ យ៉ាង ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាងម៉ូតូ ស្នាក់នៅក្បែរគ្នា ។ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនោះទេ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរេ សេរីចាស់ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគេលឺសម្លេងលាន់យ៉ាងខ្លាំងនៅទីតាំងកើតហេតុ ហើយពួកគាត់បានចេញពីផ្ទះមកក្រៅមើល ក៏ឃើញជនរងគ្រោះ៣នាក់ដួលអូសជាមួយម៉ូតូប្រហែល១០ម៉ែត្រ បោកក្បាលនឹងថ្នល់ ស្លាប់២នាក់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ដោយឡែករថយន្តបង្កមិនចាំម៉ាកនោះទេ ព្រោះភ្លាមៗ បានបើកគេចខ្លួនបាត់ទៅហើយ ។

ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះដែលរបួសធ្ងន់ បានជិះម៉ូតូមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ។ ចំណែកសពរងគ្រោះទាំង២ ត្រូវបានក្រុមរថយន្តសង្គ្រោះបន្ទាន់បានចុះមកដឹកទាំងដឹងថា ជនរងគ្រោះស្លាប់យកទៅមន្ទីរពេទ្យ រួចហើយដឹកយកមកប្រគល់ក្រុមគ្រួសារដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖