អតីតជាអ្នកបង្កើតវេបសាយ លោក Luigi Di Maio បានក្លាយទៅជា អនុប្រធានសភាអីុតាលីពេលមានអាយុទើបតែ២៦ឆ្នាំប៉ុណ្ណោះដែលជាមន្ត្រីវ័យក្មេងបំផុតកាន់ តំណែងនេះ។
សារព័ត៌មានCNBC បានផ្សាយថា អ្នកនយោបាយវ័យ៣១ឆ្នាំ លោក Luigi Di Maio អាចនឹងក្លាយជាមេដឹកនាំអីុតាលី នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ។ អតីតអ្នកបង្កើតវេបសាយ និងជា មេធាវី អ្នកសារព័ត៌មានហើយក្លាយទៅជាអនុប្រធានរដ្ឋសភាអីុតាលី កាលពីអាយុ ២៦ឆ្នាំ នៅពេលនេះលោក Luigi Di Maio ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ គណបក្ស Five Star Movement។ តាម លទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថាអ្នក នយោបាយវ័យក្មេងរូបនេះទទួលបាន សំឡេងគាំទ្រខ្ពស់ជាងគេបំផុតក្នុងចំណោមអ្នកនយោបាយនៅអីុតាលីគឺមានរហូត ដល់ទៅ២៨ភាគរយ។
គណបក្សផ្កាយ៥ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៩ ដោយអ្នកនយោបាយ Beppe Grillo ត្រូវបានគេចាត់ទុកថាជា «ដូណាល់ ត្រាំអីុតាលី» ដោយមានភាព ល្បីល្បាញតាមរយៈសុន្ទរកថារបស់លោកប្រឆាំងអឺរ៉ុបនិងប្រាក់អឺរ៉ូ។
ក្រុមអ្នកវិនិយោគបង្ហាញក្តីបារម្ភចំពោះគណបក្សខាងលើ ដោយសារតែ លោក Luigi Di Maio ធ្លាប់គាំទ្រ ដល់ការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុបនៅប្រទេសអីុតាលីមុនពេលអង់គ្លេស សម្រេចបោះឆ្នោត ចាកចេញពីអឺរ៉ុបទៅទៀត។ ក្រុមអ្នកឯក ទេសវិភាគបានលើកឡើងថា ការបោះឆ្នោតប្រជាមតិចាកចេញពីអីុតាលី នឹងបង្កឲ្យ មានការខាតបង់ និងជះឥទ្ធិពលអាក្រក់ជាងប្រទេសអង់គ្លេសទៅទៀត ដោយសារ តែអីុតាលីចាយប្រាក់អឺរ៉ូ ចំណែក អង់គ្លេសចាយប្រាក់ផោនរបស់ខ្លួនឯង។
កាលពីឆ្នាំ២០១៤ អីុតាលី មាននាយក រដ្ឋមន្ត្រីវ័យក្មេងបំផុត មិនធ្លាប់មានក្រោយសង្គ្រាមលោកលើកទីពីរ គឺលោក Matteo Renzi នៅពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមានវ័យតែ៣៩ឆ្នាំប៉ុណ្ណោះ។ នៅ ពេលនេះអឺរ៉ុប មានអ្នកនយោបាយវ័យក្មេងឡើងកាន់តំណែងដឹកនាំប្រទេស ក្នុងនោះ មានប្រធានាធិបតីបារាំង ដែលមានវ័យមិន ដល់៤០ឆ្នាំផង។ នៅពេលអនាគតនឹង មានអ្នកនយោបាយវ័យក្មេងជាច្រើនរូបទៀត៕ ម៉ែវ សាធី