ភ្នំពេញ៖ លោកវង្ស ភក្តី មេធាវីតំណាងដោយអាណត្តិរបស់មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ ដាក់បណ្តឹងព្រហ្មទណ្ឌប្តឹងទណ្ឌិតសម រង្ស៊ី ដែលញុះញង់ឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ មេធាវីជឿជាក់ថា ភស្តុតាងទាំងអស់ គឺគ្រប់គ្រាន់ឲ្យតុលាការចាត់ការផ្លូវច្បាប់ចំពោះទណ្ឌិត សម រង្ស៊ីបាន ។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា “នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ សម រង្ស៊ី បានញុះញង់ឲ្យកងកម្លាំងកុំឲ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឲ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត”។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ គឺចង់ឲ្យដាក់ទោស ទៅតាមច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុតចំពោះទណ្ឌិតសម រង្ស៊ី ។
នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ។ លោកថ្លែងថា ការអំពាវនាវនេះ បានធ្វើឲ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន៕ ចេស្តា