ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវផ្តល់យោបល់ផ្នែកអភិបាលកិច្ចសន្តិសុខផ្ទៃក្នុងប្រទេស ដែលមានសមាសភាពចំនួន៩រូប ក្នុងនោះមានប្រធានមួយរូប អនុប្រធានចំនួន៣រូប និងសមាជិកចំនួន៥ររូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ។
សេចក្តីសម្រេចបង្កើតក្រុមការងារនេះ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយត្រូវបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅព្រះរាជកិច្ច ត្រីមាសទី០៣ ឆ្នាំ២០១៧ ដែលទើបតែទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមសេចក្តីសម្រេចបានឲ្យដឹងថា សមាសក្រុមការងារស្រាវជ្រាវផ្តល់យោបល់ផ្នែកអភិបាលកិច្ចសន្តិសុខផ្ទៃក្នុងប្រទេសមានដូចជាៈ ១.នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការស្តីទីនគរបាលជាតិ ជាប្រធាន។ ២.ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក ជាអនុប្រធាន។ ៣.លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន។ ៤.លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន។ ៥.លោកស្រី អ៊ាត សោភា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិក។ ៦.ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ។ ៧.លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ ៨.លោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា។ ៩.ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ។
ក្រុមការងារនេះ មានភារកិច្ចសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ផ្នែកអភិបាលកិច្ចសន្តិសុខផ្ទៃក្នុងប្រទេស ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស និងនៅបរទេស ដើម្បីផ្សព្វផ្សាយព័ត៍មានត្រឹមត្រូវ និងរៀបចំអនុសាសន៍ស្តីពីវិធានការចាំបាច់ នោងគោលនយោបាយការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទ្រព្យសម្បត្តិសាធារណៈ និងគម្រោងអភិ វឌ្ឍន៍ជាតិសំខាន់ៗ។
ក្រុមការងារនេះអាចស្នើបន្ថែមសមាសភាព និងអញ្ជើញតំណាងក្រសួងស្ថាប័ន វិស័យឯកជន ឥស្សរជនជាតិ អន្តរជាតិ ឬភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រជុំពិគ្រោះយោបល់ ឬចូលរួមក្នុងការងារសិក្សាស្រាវជ្រាវ និងផ្តល់យោបល់តាមការចាំបាច់៕ ស សម