ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥

ចែករំលែក៖

ភ្នំពេញ៖ ពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ដែលបានប្រារព្ធឡើង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅសាលមហោស្រព កោះពេជ្រនេះ គឺក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សាសកម្មភាព​ជនពិការ ហើយពិធីនេះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីទូតប្រចាំនៅកម្ពុជា ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ ព្រមបងប្អូនជនពិការជាច្រើនពាន់នាក់ផងដែរ។

ប្រធានបទឆ្នាំនេះគឺ «ធ្វើឲ្យមានភាពរឹងមាំស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា» ក្នុងគោលបំណង ដើម្បីអបអរសាទរភាពជោគជ័យ នៃវិស័យពិការភាពនៅកម្ពុជា បង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការ ធានាដល់ ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិ ជនពិការ ទសវត្សជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ទិវាជនពិការអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនពិការ ដែលជាជនបាត់បង់កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា ប្រមាណជាង១ពាន់លាននាក់នៅក្នុងពិភពលោក ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិតចាប់តាំងពីទសវត្សឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិកនិងអឺរុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការ យល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនពិការនិងការធ្វើសមាហរណកម្មជនពិការទៅ លើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។

កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ ដោយបានលើកឡើងលម្អិតនូវគោលនយោបាយជាអាទិភាពសម្រាប់ការអនុវត្ត កម្មវិធីកំណែទម្រង់នានានៃវិស័យពិការភាព សំដៅលើកកម្ពស់សមត្ថភាព​ស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សង្គមនិងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាពការងារសម្រាប់ជនពិការ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍ ការងារសំខាន់ៗរបស់វិស័យពិការភាពនៅកម្ពុជា។ ជាពិសេសទៅទៀតថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ ជាតិគាំពារសង្គម ដើម្បីកំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបាននូវសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់ សុខុមាលភាពនិងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរិមា។ សុខុ​មាលភាពជន​ពិការ​មានភាពប្រសើរឡើង​ជាជំហានៗ ស្របតាមដំណើរការវិវឌ្ឍ​ន៍ និងភាពរីក ចម្រើននៃប្រទេសជាតិ។

បងប្អូនជនពិការកាន់តែមានសមត្ថភាពក្នុងការ​ប្រកួតប្រជែងក្នុងទីផ្សារ​ពលកម្ម ដែល អាចរកប្រាក់ចំណូលដើម្បីធានានិរន្តភាពជីវភាពរស់នៅប្រកបដោយ​ឯករាជ្យម្ចាស់ការ និង​សេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរ។ រាជរដ្ឋាភិបាលទទួលស្គាល់សិទ្ធិរបស់ជនពិការ ផ្ទាល់និងក្រុមគ្រួសារ ដោយបានផ្តល់ផ្ទះសម្បែងសមរម្យ សម្លៀកបំពាក់ ការកែលម្អនូវជីវភាពរស់នៅ ប្រចាំថ្ងៃដោយគ្មានការរើសអើង និងឈរលើមូលដ្ឋានពិការភាព។ ជាក់ស្តែងរាជរដ្ឋាភិបាល បានផ្ដល់ កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនពិការ៣១៧ តាកែនកោះស្លា ខេត្តកំពត នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ សម្រាប់សាង​សង់លំនៅ​ឋាន និងធ្វើអាជីវកម្ម កសិកម្ម​ជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍​។

សមិទ្ធផល​ទាំងនេះ ជា​សក្ខីភាពបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ពិការភាព ការគាំទ្រនិងលើកទឹកចិត្ត ការលើកកម្ពស់សិទ្ធិប្រកបដោយសេចក្តីថ្លៃថ្នូរ ជំរុញឲ្យមានការដាក់បញ្ចូល ​បងប្អូន​ជនពិការទៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សំដៅជួយដល់ជនពិការនិងក្រុមគ្រួសារឱ្យទទួលបាន គុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គមនិងសេវាសាធារណៈស្មើគ្នា ការចូលរួម គ្រប់សកម្មភាពក្នុងសង្គម ទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត តាមរយៈ ការកែសម្រួលនិង រៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាព ទៅគ្រប់ ស្ថាប័ន​រដ្ឋ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកប​ដោយ​ចីរភាពសម្រាប់ជនពិការ​គ្រប់រូបនៅកម្ពុជា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖