កាលពីថ្ងៃទី៦ ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការ ធ្វើឲ្យក្រឡាប់ចាក់នូវគោលនយោបាយរបស់អាមេរិកដែលបានអនុវត្តជាង៧ទសវត្ស កន្លងមក គឺទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ធ្វើឲ្យប្រទេសក្នុងតំបន់ប្រឆាំងយ៉ាងខ្លាំង។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់នៅសេតវិមានថា«ខ្ញុំបានសម្រេចថា នេះជាពេលវេលាសមស្រប ដើម្បីទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ ប្រធានាធិបតីអាមេរិកជាច្រើនជំនាន់កន្លងមក បានត្រឹមតែសន្យាមិនអាចអនុវត្តការណ៍ពិតនោះឡើយ តែពេលនេះខ្ញុំនឹងអនុវត្តនូវអ្វីដែលខ្ញុំបានសន្យា»។
ប្រធានាធិបតីអាមេរិកបានបញ្ជាឲ្យក្រសួងការបរទេស ចាប់ផ្តើមដំណើរការផ្លាស់ប្តូរស្ថានទូតអាមេរិកពីទីក្រុង Tel Aviv ទៅកាន់ហ្ស៊េរុយសាឡឹម។
ពាក់ព័ន្ធនឹងប្រតិកម្មរបស់មេដឹកនាំប្រទេសអារ៉ាប់៥រូប ដែលជាសម្ពន្ធមិត្តអាមេរិក លោក ត្រាំ បញ្ជាក់ថា ការណ៍ដែលអាមេរិកទទួលស្គាល់មិនមានន័យថា អាមេរិកផ្លាស់ប្តូរគោលនយោបាយព្រំដែនរវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីននាពេលអនាគតនោះទេ។
លោក ត្រាំ បញ្ជាក់ថា «យើងមិនបានបង្ហាញពីទស្សនៈចុងក្រោយ ពាក់ព័ន្ធនឹងព្រំដែន និងដែនអធិបតេយ្យរបស់អ៊ីស្រាអែល និងតំបន់ហ្ស៊េរុយសាឡឹម។ ទាំងនោះជាបញ្ហារបស់ប្រទេសទាំង២។ ប៉ុន្តែអាមេរិកនៅតែគាំទ្រដល់ការបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅពេលដែលភាគីសងខាងបានព្រមព្រៀង»។
ប្រធានាធិបតីអ៊ីស្រាអែល លោក បែនចាមីន នេតាន់យ៉ាហូ បានអបអរសាទរដល់ការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយចាត់ទុកថា នេះជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុត។
ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ បានបញ្ជាក់ថា ទីក្រុងហ្ស៊េរុយសាឡឹម គឺជារដ្ឋធានីប្រវត្តិសាស្ត្ររបស់ប៉ាឡេស្ទីន។ ការប្រកាសរបស់លោក ត្រាំ គឺជា ការដើរថយក្រោយរបស់អាមេរិក នៅក្នុងបញ្ហាដោះស្រាយវិបត្តិ ក្នុងនាមជាអាជ្ញាកណ្តាល ជាប្រទេសមហាអំណាចស្វែងរកសន្តិភាពឲ្យពិភពលោក។
ជាមួយគ្នានេះ ប្រទេសអារ៉ាប់ជាច្រើន បានប្រកាសមិនទទួលស្គាល់ ការសម្រេចខាងលើរបស់លោក ត្រាំ។
រដ្ឋមន្ត្រីការបរទេសកាតារបានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក មិនខុសអ្វីពីការ«បញ្ជូនអ្នកណាដែលព្យាយាមស្វែងរកសន្តិភាព»។ សកម្មភាពខាងលើ បង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់តំបន់ទាំងមូល។
ព្រះមហាក្សត្រហ្ស៊កដង់ ក៏បានបញ្ជាក់ផងដែរថា ការទទួលស្គាល់ហ្ស៊េរុយសាឡឹម គឺគ្មានតម្លៃឡើយ។ ក្រៅពីនេះ ព្រះមហាក្សត្រសាវឌីអារ៉ាប៊ី ក៏បានប្រឆាំងនឹងការសម្រេចខាងលើផងដែរ។ ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz Al Saud បានធានាអះអាងចំពោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថាការទទួលស្គាល់ និងការផ្លាស់ប្តូរទីតាំងស្ថានទូតទៅក្រុងហ្ស៊េរុយសាឡឹម គឺជាជំហានដ៏គ្រោះថ្នាក់មួយ ដែលនឹងជះឥទ្ធិពលអវិជ្ជមាន និងធ្វើឲ្យជនមូស្លីមរងផលវិបាកនៅជុំវិញពិភពលោក។
សេចក្តីរាយការណ៍ក្នុងស្រុកមួយបានឲ្យដឹងថា ព្រះមហាក្សត្រអារ៉ាប់ បានមានព្រះបន្ទូលដូច្នេះ តាមរយៈការហៅទូរស័ព្ទពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងបានពិភាក្សាអំពីការ អភិវឌ្ឍទីក្រុងហ្ស៊េរុយសាឡឹម។
ស្តេចអារ៉ាប់បានធានាចំពោះលោក ដូណាល់ ត្រាំ ថាការប្រកាសណាមួយ ទៅលើក្រុងហ្ស៊េរុយសាឡឹម មុនពេលដំណោះស្រាយបញ្ហានេះ នឹងប៉ះពាល់ដល់ការចរចាសន្តិភាព រវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីន។
ស្ថានភាពកាន់តែក្ដៅហើយ ដោយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវដល់ពិភពអ៊ិស្លាមប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិក ដើម្បីទទួលស្គាល់ក្រុងហ្ស៊េរុយសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។
លោកស្រី Khamenei ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Press ថា “ប៉ាឡេស្ទីននៅថ្ងៃនេះ គឺជាបញ្ហានយោបាយ ដែលកំពុងប្រឈមនឹងប្រជាជនអ៊ិស្លាម ហើយមនុស្សគ្រប់គ្នាមានកាតព្វកិច្ច ត្រូវខិតខំប្រឹងប្រែងឆ្ពោះទៅសេរីភាព និងសង្គ្រោះរបស់ខ្លួន” ។
ការកត់សម្គាល់របស់លោកស្រី Khamenei ធ្វើឡើងនៅក្នុងការថ្លែងទៅកាន់ មន្ត្រីឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមូស្លីម និងអ្នកចូលរួមនៃសន្និសីទ យូអិនអន្តរជាតិលើកទី៣១ ដែលប្រារព្ធធ្វើឡើង នៅទីក្រុងតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់៕ ម៉ែវ សាធី