ព័ត៌មានទាន់ហេតុការណ៍៖

បង្កើតកូនចោលក្នុងបន្ទប់ផ្ទះជួល ចាក់សោជិតរត់គេចខ្លួនបាត់ទាំងពីរនាក់ប្តីប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់បានមកជួលបន្ទប់គេស្នាក់បានមួយថ្ងៃ ស្រាប់តែសម្រាលកូនស្រីម្នាក់ទ្រលុកទ្រលុនហើយមិនដឹងនាំគ្នាទៅណាបាត់ដោយទុកទារិកាជាកូន ទើបកើតនិងកាត់ទងផ្សិតថ្មីៗ នៅក្នុងបន្ទប់រួចចាក់សោ ធ្វើឲ្យទារិកាយំផ្អើលអ្នករស់នៅជិតខាងបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០ ព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវនឹងថ្ងៃ ៨ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះជួលយីហោម៉ាក់ ស្រីពេជ តាមបណ្ដោផ្លូវវេងស្រេងក្នុង ភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ប្ដីប្រពន្ធដែលទុកកូនស្រីដែលទើបសម្រាលនៅក្នុងបន្ទបមចាក់សោចោល ត្រូវបានម្ចាស់ផ្ទះជួលឈ្មោះ ហួ ផៃអេង ភេទស្រី អាយុ៥២ ឆ្នាំប្រាប់ថា ប្រពន្ធមានឈ្មោះ អូន ស្រីស្លួត អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ ត្រពាំងដងទឹក ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្ដតាកែវ ចំណែកប្ដីមិនបានស្គាល់អត្ដសញ្ញាណទេ។ ទាំងពីរនាក់ប្តីប្រពន្ធនេះ បានមកជួលផ្ទះគាត់ស្នាក់នៅទើបតែបានមួយថ្ងៃ ដោយប្រពន្ធបាន ទុកអត្តសញ្ញាណបណ្ណ១សន្លឹកឲ្យគាត់ទុក ទើបបានស្គាល់ឈ្មោះយ៉ាងនេះ ។

តាមសម្ដីបុរសម្នាក់ឈ្មោះ សំ សៅ ស្នាក់នៅជិតបន្ទប់នោះ បានប្រាប់ឲ្យ ដឹងថា មុនពេលប្រទះឃើញទារិកាដែលទើបសម្រាលនោះ រូបគាត់បានចេញពីបន្ទប់របស់គាត់នៅវេលាម៉ោង១០ និង៤០នាទីយប់ ស្រាប់តែឮសំឡេងក្មេងយំក្នុងបន្ទប់ខាងលើ ។ ពេលនោះរូបគាត់ក៏បានដើរមកមើលស្រាប់តែឃើញបន្ទប់ចាក់សោពីខាងក្រៅ។ បន្ទាប់ពីឃើញដូច្នេះគាត់បានចុះមកហៅម្ចាស់ផ្ទះឲ្យទៅជួយកាត់សោបន្ទប់ ចូលទៅមើលដល់ខាងក្នុងក៏ប្រទះឃើញទារិកានៅក្នុងបន្ទប់តែឯងដោយគ្មានអ្វីរុំខ្លួននោះទេ ទើបបង្កភ្ញាក់ផ្អើលតែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់មកម្ចាស់ផ្ទះបានយកភួយទៅរុំឲ្យទារិការូបនេះនិយយកទឹកដោះគោឲ្យបៅពេញមួយយប់ លុះព្រឹកឡើងទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយធ្វើអន្ដរាគមន៍ ហើយសមត្ថកិច្ចបានទាក់ទងទៅខាងសាលាសង្កាត់ស្ទឹងមានជ័យ៣ចុះទៅធ្វើកំណត់ហេតុប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចរាជធានីយកទៅចិញ្ចឹម ។បច្ចុប្បន្ននេះមិនទាន់ដឹងថា ម្ដាយឪពុកទារិកានោះទៅណាទេ ខណៈដែលគេសង្ស័យថា ឪពុកម្តាយពីរនាក់នេះរត់ចោលកូន ដោយសារគ្មានលទ្ធភាពចិញ្ចឹម ៕ តាឡឹម


ចែករំលែក៖