ភ្នំពេញ៖ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋដេញចាប់បាន និងវាយទ្រមទើបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីលួចកាច់សោម៉ូតូហើយរត់មិនរួច។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យ ៧រោច ខែមគិសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ធ្នូ ២០១៧ វេលាម៉ោង១៩និង០០នាទី ចំណុចបន្ទប់ជួលលេខ៣ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ លឹម សាលីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ។
ចំណែកជនរងគ្រោះឈ្មោះ ចក ចន្នី ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូជនរងគ្រោះម៉ាកស៊្សុយស៊ីគីនិច ពណ៌ស ស្លាកលេខភ្នំពេញ 1CL-3067។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុម៉ោងប្រហែល១៤និង០០នាទី ជនរងគ្រោះបានជិះម៉ូតូទៅទុកនៅមុខបន្ទប់អ្នកជួលក្បែរគ្នា ដោយស្ថិតក្នុងរបងផ្ទះភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានចាក់សោត្រឹមត្រូវ បន្ទាប់មក ជនរងគ្រោះបានទៅស្ទួចត្រីជាមួយមិត្តភក្តិ លុះពេលត្រឡប់មកវិញជនរងគ្រោះជាមួយមិត្តភក្តិបានដើរឡើងទៅបន្ទប់ជាន់លើ និយាយគ្នាលេង លុះដល់ម៉ោងកើតហេតុ១៩និង០០នាទីជនរងគ្រោះបានឮសំលេងប្រពន្ធរបស់ខ្លួនស្រែកថា ចោរ ពេលនោះជនរងគ្រោះបានចេញមកមើលឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនរត់រហូតដល់ចំណុចផ្សារកណ្តាល ស្ថិតក្នុងភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបជនរងគ្រោះ រួមនឹងប្រជាពលរដ្ធចាប់បានវាយបណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់ ។ បន្ទាប់មកបានរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាបទី២ បាននាំខ្លូនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់ប៉ុស្តិ៍ដើម្បីកសាងសុំណុំរឿង។
ចំណែកម៉ូតូជនរងគ្រោះត្រូវបានប្រគល់ឲ្យម្ចាស់វិញហើយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕ សុខាសែនជ័យ