ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ២១៧ មុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដើម្បីប្រើប្រាស់។
សមត្ថកិច្ចបានប្រាប់ថា យុវជនរូបនេះមានឈ្មោះ នៅ សុភណ្ឌ អាយុ១៧ឆ្នាំ មានទីលំនៅស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ ក្នុងនោះសមត្ថកិច្ចយើងបានដកហូតថ្នាំញៀន១ថងើតូចក្នុងតម្លៃដុល្លា និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1M-6940។
យុវជនសង្ស័យឈ្មោះ នៅ សុភណ្ឌ បានប្រាប់ថា រូបគេបានទិញថ្នាំញៀននេះ១ថង់តូចតម្លៃ១០ដុល្លានៅម្តុំច្រមុះជ្រូកស្ទឹងមានជ័យ។ នៅ សុភ័ណ្ឌ បន្តថារូបគេពុំត្រូវបានអ្នកណាបង្ខំឲ្យប្រើប្រាស់ថ្នាំញៀននេះទេ គឺរូបគេផ្ទាល់ជាអ្នកទិញយកទៅប្រើប្រាស់ខ្លួនឯង។ នៅ សុភ័ណ្ឌ ថានេះជាលើកទី១ហើយដែលរូបគេទិញយកប្រើប្រាស់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនពេលតែម្តង។
សមត្ថកិច្ចក៏បានបញ្ជាក់បន្ថែមថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ លោក នាក់ ណារ៉ូ អធិការរងនគរបាលខណ្ឌដង្កោ និងមានកម្លាំងចូលរួម៥០នាក់ ដើម្បីចុះអនុវត្តដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះលើកំណាត់ផ្លូវ២១៧ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ហើយខណៈដែលកម្លាំងសមត្ថកិច្ចយើងកំពុងឆែកឆេរត្រួតពិនិត្យស្រាប់យុវជនសង្ស័យនេះជិះម៉ូតូរបស់ខ្លួនពីជើងមកឆ្លងកាត់គោលដៅត្រួតពិនិត្យ ពេលនោះសមត្ថកិច្ចយើងក៏បានហៅឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀន១ថង់តូចដាក់ក្នុងកាបូបលុយ។ ក្រោយឆែកឆេររួចសមត្ថកិច្ចយើងក៏បាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តតាមច្បាប់៕ តាឡឹម