ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់៧ខ្នង រួមនឹងទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ នៅខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ​

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យ២ករណី បានកើតឡើងផ្ទួនគ្នា ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋអស់៧ខ្នង រួម និងទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ នៅខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកស្លាប់ឬរងរបួសនោះទេ ។

ករណីទី១៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋស្ដុកអំបោះហុង នៅម្ដុំកាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ។

ដោយឡែកសម្រាប់មូលហេតុដែលបណ្ដាល ឲ្យមានអគ្គិភ័យមួយនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្ដែការសន្និដ្ឋានជំហ៊ានដំបូង បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ចំណែកការខូចខាតវិញ មានអំបោះហុងមួយចំនួនធំ, រថយន្ដ Luxes RX330 មួយគ្រឿង និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ដែលគិតជាទឹកប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារ ក្នុងរង្វង់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់ចំនួន៧គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ ដោយរលត់ទៅវិញនៅវេលាម៉ោងជិត៣រសៀលថ្ងៃដដែរ ។

ករណីទី២៖ គឺលំនៅឋានប្រជាពលរដ្ឋ ដែលធ្វើអំពី​ឈើលើ ថ្មក្រោម​ ចំនួន​ ៦ខ្នង នៅជាប់គ្នា​ៗ ត្រូវបានអណ្តាតឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បណ្តាលឲ្យរងការខូចខាតទាំងស្រុង​ ។

នៅក្នុងប្រតិបត្តិការណ៍នេះ សមតក្ថកិច្ចជួយអន្តរាគមន៍ប្រមាណ ជាង ១ម៉ោង ទើបអណ្តាតភ្លើងរលត់ទៅវិញទាំងស្រុង ។

ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១៤ និង៣០នាទី រសៀល ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី​១១ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅចំណុចខាងក្រោយ ផ្សារ ទឹកថ្លា ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ពលរដ្ឋរស់នៅក្បែរកន្លែងកើត ហេតុបានរៀបរាប់ថា​ ដំបូងឡើយ​ គាត់បានឃើញអណ្តាតភ្លើង និងផ្សែងខ្មួលខ្មញ់ហុយចេញពីបន្ទប់ផ្ទះជួល​ ដែលមានរថយន្ត កូរ៉ូឡា​ សេរី​២០០៣​ មួយគ្រឿង នៅក្នុងផ្ទះនោះ​ ភ្លាមៗគាត់នឹងប្រជាពលរដ្ឋបានទាំក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ជួយពន្លត់អណ្តាតភ្លើង ដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ​ គ្របដណ្តប់ទៅលើផ្ទះប្រជាពលរដ្ឋនោះ ។

បន្ទាប់ពីមានករណីអគ្គីភ័យនេះកើតឡើងគេក៏ឃើញមានវត្តមានលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានចុះទៅពិនិតដល់កន្លែងកើតហេតុ និងបញ្ជាឲ្យលោក​វរៈសេនីយ៍ទោ​ ហួរ​ ម៉េងវ៉ាង​ អធិការខណ្ឌសែនសុខ បានឲ្យដឹកនាំកម្លាំងរបស់លោក​សហការជាមួយកងកម្លាំងបង្កា​ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ​ និងកម្លាំងប្រជាការពារខណ្ឌ​ សង្កាត់​ ចុះអន្តរាគមន៍​ ដល់កន្លែងកើតហេតុ​ភ្លាមៗផងដែរ។

លោក​អធិការខណ្ឌសែនសុខប្រាប់ បន្តឲ្យដឹង​ថា ដោយសារស្ថានភាពផ្លូវចូលមានការ​តូបចង្អៀតធ្វើឲ្យពិបាកដល់ការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ​ ប៉ុន្តែទោះបីជាយ៉ាងណាកងកម្លាំងបានប្រឹងប្រែងអូសទាញទុយោទឹក​ ចូលកន្លែងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់អណ្តាតភ្លើង ដែលកំពុងលេបត្របាក់ទៅលើលំនៅឋានប្រជាពលរដ្ឋ​ ។

ដោយឡែកលោក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​ បានបញ្ជាក់ថា​ នៅ ក្នុងប្រតិបត្តិអន្តរាគមន៍ពន្លត់អគ្គិភ័យនេះឲ្យរលត់សូន្យសុងទៅវិញនោះ គឺប្រើប្រាស់រយះពេលជាង ១ម៉ោង​ ដោយប្រើឡានទឹក ចំនួន​ ៣២គ្រឿង​ ក្នុងនោះ ឡានទឹក របស់រាជធានី ចំនួន​ ២១​ គ្រឿង​ ឡានទឹក ង​ ៧០​ ចំនួន ៣គ្រឿង​ ឡានទឹករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចំនួន​ ៣​ គ្រឿង​ ឡានទឹករបស់ ក្រុមហ៊ុន ស្រាបៀកម្ពុជា​ ចំនួន ១គ្រឿង​ និង ឡានទឹក របស់ ក្រុមហ៊ុន​ OCIC ជ្រោយចង្វា​ ចំនួន ៤គ្រឿង​ ប៉ុន្តែប្រើប្រាស់ទឹកអស់តែ​ ចំនួន ២៥​ រថយន្តប៉ុណ្តោះ​ ។

លោក​ ព្រហ្ម​ យ៉ន​ ប្រាប់បន្តថា​ ជុំវិញករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់ ត្រូវរងគ្រោះនោះទេ ។ ចំណែកសម្ភារះ ខូចខាត រួមមាន ផ្ទះពលរដ្ឋ​ ចំនួន ៦ខ្នង​ រថយន្ត កូរ៉ូឡា​ ១គ្រឿង​ ម៉ូតូ​ ៣គ្រឿង​ ម៉ាសីុនដេរខោអាវ​ ១៦​ គ្រឿង​ នឹងទ្រព្យសម្បត្តិមួយចំនួនធំ​ទៀត ។ មូលហេតុដែលបង្កឲ្យមានករណីនេះលោកនៅមិនទាន់បញ្ជាក់បាននៅឡើយ​ គ្រាន់តែជំហានដំបូងសន្និដ្ឋានកើតចេញពីការឆ្លងចរន្តអគ្គិសនី​ ។

ជាមួយគ្នានោះដែរ លោកបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជុំវិញការប្រើប្រាស់ខ្សែភ្លើងចាស់​ ប្រើកំប៉ុងហ្គាស​ចាស់​ និងអុជធុប ទៀន​ជាដើម ត្រូវមានប្រុងប្រយ័ត្នខ្ពស់បំផុត ចៀងវាងកើតមានករណីគ្រោះអគ្គីភ័យ ៕ តុង សីហា


ចែករំលែក៖