ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកប្រកាសថាគ្មានកន្លែងណាមួយសម្រាប់លោក អាល់ អាសាដ នៅស៊ីរីឡើយ

ចែករំលែក៖

បណ្តាញព័ត៌មាន Al Arabiya TV របស់សាវឌីអារ៉ាប៊ីកាលពីថ្ងៃទី១២ ខែធ្នូ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានប្រកាសថា គ្មានកន្លែងណាមួយសម្រាប់ប្រធានាធិបតីស៊ីរីឈរជើងនៅក្នុងប្រទេសស៊ីរីនោះឡើយ។

សារព័ត៌មាន Al Arbiya បានដកស្រង់សម្តីលោក Tillerson បញ្ជាក់ថា«គ្មានកន្លែងសម្រាប់លោក អាសាដ នៅថ្ងៃអនាគតឡើយនៅក្នុងប្រទេសស៊ីរី»។ ចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយខាងលើងបានផ្សាយ រដ្ឋមន្ត្រីការបរទេសអាមេរិកមិនទាន់បញ្ជាក់ជុំវិញព័ត៌មាននេះនៅឡើយទេ។

ការផ្សព្វផ្សាយព័ត៌មានខាងលើ កើតឡើងក្រោយប៉ុន្មានម៉ោង ដែលសារព័ត៌មាន The New Yorker ផ្សាយថា សេតវិមាននឹងទទួលនូវការដឹកនាំរបស់លោក អាលអាសាដ រហូតដល់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២១។

ក្រោយរយៈពេលជាង៦ឆ្នាំ នៃសង្គ្រាមរដ្ឋាភិបាលទីក្រុងដាម៉ាកាស ទទួលបានជោគជ័យដណ្តើមគ្រប់គ្រងតំបន់ជាច្រើនពីក្រុមភេរវកម្មក៏ដូចជាក្រុមបះបោរនៅក្នុងប្រទេសនេះ។ នៅក្នុងការស្វែងរកសន្តិភាពនៅស៊ីរី អាមេរិកដូចជាចាញ់ប្រៀបចំពោះរុស្ស៊ី ទួរគី និងអុីរ៉ង់ ក្នុងកិច្ចពិភាក្សាស្វែងរកសន្តិភាព និងរៀបចំឡើងវិញនៅក្នុងប្រទេសស៊ីរី។

ក្នុងពេលជាមួយគ្នានេះ មន្ត្រីអាមេរិកបានបញ្ជាក់ថា ការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសស៊ីរី គឺអាស្រ័យទៅលើការបោះឆ្នោត នៅក្នុងប្រទេសនេះ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។

តាំងពីដើមមកអាមេរិក មិនចង់ឲ្យប្រធានាធិបតីស៊ីរី បាសា អាលអាសាដ បន្តដឹកនាំស៊ីរីនោះឡើយ ប៉ុន្តែដោយសារតែមានការលូកដៃពីរុស្ស៊ី បានជួយរក្សាតំណែង លោក អាលអាសាដ រហូតមកទល់ពេលនេះ។

ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក មិនមានជាលើកទី១នោះឡើយ កន្លងមកលោកTillerson ក៏ធ្លាប់បានប្រកាសថា លោក អាលអាសាដ និងគ្រួសារគ្មានទីកន្លែងរស់នៅក្នុងប្រទេសស៊ីរីទៀតឡើយ៕ ម៉ែវ សាធី


ចែករំលែក៖