ខេត្តបន្ទាយមានជ័យ៖ បើពុំមានវិធានការទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលាដូចភ្លៀងរលឹមទេ ប្រជាជនងាយនឹងរងគ្រោះថ្នាក់ប៉ះពាល់សុខភាពធ្ងន់ធ្ងរបំផុត ចំពោះការទទួលទានគ្រឿងឧបភោគ បរិភោគដែលផលិតគ្មានស្តង់ដារ និងប្រើសារធាតុគីមីជាដើម។ មើលចុះលោកអើយ… ករណីជាក់ស្តែងមានទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ជាង៩០តោន ផលិតគ្មានស្តង់ដារត្រូវបានបង្ក្រាបដោយកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងសិប្បកម្មមួយកន្លែងយីហោ«សិប្បកម្មភ្នំមាស» ស្ថិតនៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា និងលោកឧត្តមសេនីយ៍ទូច គង្គា ប្រធាន អនុប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
សមត្ថកិច្ចបានអោយដឹងថា៖ទីតាំងសិប្បកម្មយីហោ«សិប្បកម្មភ្នំមាស»មានម្ចាស់ឈ្មោះ សុខ លាង ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១០១ ក្រុមទី៥ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ជាង៩០តោន ផលិតគ្មានស្តង់ដារ បង្ក្រាបជាក់ស្តែងចាប់យកជាវត្ថុតាង ក្នុងនោះមានសារធាតុផ្សំជាង៤០តោន។ ដែលផលិតផលនេះបានប្រើសារធាតុគីមី ប្រឈមនិងប៉ះពាល់សុខភាពប្រជាជនដែលជាអ្នកបរិភោគធ្ងន់ធ្ងរបំផុត។
សមត្ថកិច្ចបានបន្តថា៖ ទីតាំង«សិប្បកម្មភ្នំមាស»កន្លងទៅក៏ដូចករណីបង្ក្រាបជាក់ស្តែង
គឺម្ចាស់ទីតាំងបានផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ក្នុងមួយថ្ងៃមានប្រមាណពី១៥០០០ដប ទៅ២០០០០ដប សម្រាប់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប និងពិនិត្យជាបឋមឃើញថា៖ ផលិតខុសស្តង់ដារ ទី១-ប្រើប្រាស់សញ្ញា ISC (Institute Standard Cambodia) ក្លែងក្លាយ។ ទី២-ការវេចខ្ចប់ពុំមានលក្ខណះបច្ចេកទេសត្រឹមត្រូវ។ ទី៣-មិនបានចុះបញ្ជីផលិតផល(ច ប ផ) និងទី៤-លើកស្លាកយីហោសិប្បកម្មមិនបានតាមការកំណត់របស់ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
គួរអោយកត់សំគាល់ផងដែរម្ចាស់ទីតាំងនេះបានយកដបស្រាបៀរ Heineken ធ្វើជាការវេចខ្ចប់ទឹកក្បុង មើលទៅមិនគួរអោយប្រជាជនយើងមានទំនុកចិត្តក្នុងការជាវទៅបរិភោគឡើយ។
ពាក់ព័ន្ធករណីផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ដោយខុសច្បាប់គ្មានស្តង់ដារ ប្រើសារធាតុគីមីនេះខាងកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក៏សូមអំពាវនាវអោយបងប្អូនប្រជាជន មានការប្រុងប្រយ័ត្នមុននិងបរិភោគ ខណះមានជនទុច្ចរិតក៏ដូចជាម្ចាស់សិប្បកម្មខ្លះរកសុីប្រណាំងប្រជែងពាណិជ្ជកម្មភាព ដោយគ្មានភាពស្មោះត្រង់ បានលួចផលិតគ្រឿងឧបភោគ បរិភោគក្លែងក្លាយ ប្រើសារធាតុគីមី បណ្តាលអោយប៉ះពាល់សុខភាព និងមេត្តាជួយផ្តល់ដំណឹងប្រសិនបានជួបប្រទះឬដឹងថាមានទីតាំងសិប្បកម្មផលិតគ្រឿងឧបភោគ បរិភោគក្លែងក្លាយនេះជាដើម ដើម្បីបង្ក្រាបប្រយោជន៍ការពារសុខមាលភាពប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរណ៍ អ្នកវិនិយោគបរទេសផងនោះ៕ សុខ ខេមរា