ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាត់ ចំរើន ៖ កម្ពុជានឹងមានទូរទស្សន៍កីឡាជាតិលើកដំបូងក្នុងពេលដ៏ខ្លីនេះ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីកម្មវិធី អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគេហទំព័រ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា នៅពេលខាងមុខដ៏ខ្លីនេះ ប្រទេសកម្ពុជានឹងមានស្ថានីយទូរទស្សន៍កីឡាជាតិជាផ្លូវការលើកដំបូងមួយដើម្បីធ្វើប្រតិបត្តិការផ្សាយព័ត៌មានកីឡាជាតិក្នុងន័យជំរុញឲ្យវិស័យកីឡាកម្ពុជាកាន់តែរីកចម្រើនដូចប្រទេសផ្សេងៗទៀត ។ ការថ្លែងបែបនេះរបស់លោកអគ្គលេខាធិការអូឡាំពិក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការNOCC។

លោកអគ្គលេខាធិការបានអះអាងថា ការបង្កើននូវស្ថានីយទូរទស្សន៍កីឡាជាតិឡើងក្នុងគោលដៅ សម្រាប់ ការផ្សព្វផ្សាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំមិនធ្លាប់មានពីមុនមក។ លោកថា ទូរទស្សន៍នេះ នឹងផ្សាយតែវិស័យកីឡាប៉ុណ្ណោះ ដែលគ្រប់គ្រងដោយអ្នកជំនាញផ្នែកទូរទស្សន៍កីឡា បូកបញ្ចូលជាមួយសមាជិក ដែលជាមន្ត្រីព័ត៌មានតាមសហព័ន្ធកីឡាជាតិនីមួយៗផងដែរ ។

លោកបានបន្តថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលអាជ្ញាប័ណ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយ សម្រាប់ធ្វើប្រតិបត្តិការផ្សាយព័ត៌មានកីឡាជាតិ ហើយស្ថានីយទូរទស្សន៍កីឡាជាតិបាននឹងកំពុងដំណើរកសាងផែនការផ្សាយរបស់ខ្លួន និងសាងសង់ស្ថានីយនៅក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោសែន។ អ្វីទាំងអស់នេះ អាចកើតឡើងបាន ក៏ព្រោះតែកម្ពុជាបានកំណតផែនការ ច្បាស់លាស់ អំពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីកម្មវិធី អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគេហទំព័រនេះ ក្នុងគោលបំណងជំរុញឲ្យភាគីពាក់ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសសហព័ន្ធកីឡាជាតិ យល់ដឹងពីអត្ថប្រយោជន៍គេហទំព័រក្នុងការផ្សព្វផ្សាយសកម្មភាពកីឡារបស់ខ្លួនឲ្យមហាជនបានដឹងថា តើសហព័ន្ធកីឡាជាតិនីមួយៗ បានធ្វើអ្វី និងកំពុងធ្វើសម្រាប់ការអភិវឌ្ឍន៍វិស័យកីឡារបស់ខ្លួននោះ ៕ សារីម


ចែករំលែក៖