ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបុកអ្នកជិះម៉ូតូទាំងកម្រោលនៅបាក់ខែង ខណៈឈប់ភ្លើងស្តុបអ្នកបើកបររថយន្តរត់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសបាក់ជើង នៅបាក់ខែង ខាងកើតស្ពានព្រែកព្នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកឥដ្ឋកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃព្រហស្ប៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅខាងកើតស្ពានព្រែកព្នៅ កែងផ្លូវជាតិ៦A ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះកំពុងឈប់ម៉ូតូភ្លើងស្តុប។

ជនរងគ្រោះមានឈ្មោះ សួង ថុនា អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅខណ្ឌចំការមន រាជធានីភ្នំពេញ។ សួង ថុនា ជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុរូបជិះម៉ូតូមកលេងស្រុកសួរសុខទុក្ខឪពុកម្តាយនៅខេត្តកំពង់ចាម ធ្វើដំណើរពីជើងមកតាមផ្លូវជាតិលេខ៦អា លុះមកដល់ចំណុចកើតហេតុត្រង់ភ្លើងស្តុបផ្លូវបត់ឡើងទៅស្ពានព្រែកព្នៅ រូបគេក៏ឈប់ភ្លើងស្តុបក្រហម ហើយពេលភ្លើងខៀវក៏ចេញដំណើរស្រាប់តែរថយន្តបង្កហេតុនោះបុករូបគេពីក្រោយពេញទំហឹងអូសម៉ូតូជាង២០ម៉ែត្រ ហើយខ្លួនគេរមៀលចេញពីក្រោមរថយន្តរបួសជើងតែម្តង មិនដឹងថាបាក់ជើងឬយ៉ាងណានោះទេ។

ដោយឡែក សមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅគោលដៅនោះក៏បានបញ្ជាក់បន្ថែមថា គាត់បានស្រែកទៅអ្នកបើកបររថយន្តនោះថា បុកមនុស្សហើយ ឲ្យឈប់ភ្លាម តែអ្នកបើកបរនោះវាភីងភាំងជាន់ហ្គាឡានបន្ថែមល្បឿន តែជនរងគ្រោះរមៀលចេញពីក្រោមឡានអូសម៉ូតូជាង២០ម៉ែត្រតាំងពីភ្លើងស្តុបរហូតមក។ បន្ទាប់មកអ្នកបើកបរឈប់ឡានហើយរត់បាត់តែម្តង។

សមត្ថកិច្ចបានប្រាប់ទៀតថា រថយន្តដឹកឥដ្ឋគ្មានស្លាកលេខទេ ជារថយន្តដឹកឥដ្ឋចំណុះ២តោនកន្លះ ចំណែកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមស ពាក់ស្លាកលេខកំពង់ចាម 1N-3008។ សមត្ថកិច្ចថា ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយជាមួយជនរងគ្រោះ៕ តាឡឹម


ចែករំលែក៖