ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលា ម៉ោង ១០និង០០នាទីព្រឹក មានករណី អគ្គិភ័យឆេះដេប៉ូតេឡាយីហោរិនធារុង ស្ថិតនៅខាងត្បូងដងផ្លូវជាតិលេខ៦ ក្នុងភូមិ ត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥៤គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
ក្រោយពីទទួលបានពត៌មានភ្លាមៗនោះ លោកវរសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការ រងទទួលបន្ទុកអគ្គិភ័យ និងលោកវរៈសេនីយ៍ត្រីសេនសុវណ្ណនីបានដឹកនាំកម្លាំងនគរបាលនៃការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញរថយន្តចំនួន៣គ្រឿងអន្តរាគមន៍សង្គ្រោះ ដោយសហការជាមួយរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួកចំនួន១គ្រឿង សរុបចំនួន៤គ្រឿងទើបកម្លាំងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅ វេលាម៉ោង ១១និង០០ នាទី ។ ចំពោះការខូចខាតប្រហែល៧០ភាគរយ ហើយមិនទាន់ដឹងថា សរុបទឹកប្រាក់អស់ប៉ុន្មាននៅឡេីយទេ។
តាមការបញ្ជក់របស់លោកវរៈសេនីយ៍ឯក ជី បេង ជន អធិការនគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា ឧបទេវហេតុអគ្គិភ័យឆេះនេះ គឺបណ្តាមកពីផ្ទុះកំប៉ុងហ្គាសដែលនៅពីក្រោយស្ថានីយTELA ទើបណ្តាលឲ្យមានការឆាបឆេះអគ្គិភ័យឡើង តែមិនបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សទេ ។ ប៉ុន្តែ ម្ចាស់ស្ថានីយឈ្មោះ រិន ធារុង ភេទ ប្រុស អាយុ៣៧ឆ្នាំ រងរបួសស្រាល ដែលបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសខាងក្រោយស្ថានីយតែប៉ុ់ណ្ណោះ៕ ប៊ុនរិទ្ធី