ខេត្តកំពង់ធំ៖ បាត់កូនក្រមុំជិត១០ថ្ងៃដើរស្វែងរកគ្រប់ច្រកល្ហកនៅតែមិនឃើញក្នុងនាមឪពុកម្តាយបានអំពាវនាវដល់កូន ក៏ដូចជាបងប្អូនដែលបានស្គាល់និងជួប ជួយផ្តល់ព័ត៌មានដើម្បីគ្រួសារមួយនេះ បានរស់នៅជួបជុំគ្នាឡើងវិញ។ នេះជាការ អំពាវនាវរបស់លោក សៀង វណ្ណា ដែលត្រូវជាឪពុកក្មេងស្រីបាត់ខ្លួន ។
លោក សៀង វណ្ណា អាយុ៣៩ឆ្នាំ ដែលត្រូវជាឪពុកក្មេងស្រីបាត់ខ្លួន បានរៀបរាប់ ទាំងទឹកភ្នែករលីងរលោងថា លោកមាន ប្រពន្ធឈ្មោះ ពៅ ស៊ីថា អាយុ៣៣ឆ្នាំ បច្ចុប្បន្ន ក្រុមគ្រួសាររបស់លោកទៅរស់នៅឯភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
តាមការបញ្ជាក់ពីលោក សៀង វណ្ណា អះអាងថា កូនស្រីដែលបានបាត់ខ្លួននោះ ជាកូនស្រីច្បង ក្នុងចំណោមកូនពីរនាក់ ហើយនាងឈ្មោះ សៀង មករា អាយុ១៧ឆ្នាំ មុនបាត់ខ្លួននាងជាអ្នកលក់សាច់គោអាំងតាមម៉ូតូកង់បីជាមួយម្តាយរបស់នាង។
លោកបន្តថា នៅមុនពេលដែលនាង បាត់ខ្លួន គេតែងតែឃើញប្រុស កំលោះពីរនាក់ឧស្សាហ៍ជិះម៉ូតូទៅហូបសាច់អាំងរបស់នាងហើយលោកមិនបានចាប់អារម្មណ៍អ្វីនោះទេ ហើយក៏មិនបានស្គាល់ ថា ប្រុស កំលោះនោះមានឈ្មោះអ្វីនិងរស់នៅឯណានោះដែរ ។
ឪពុករូបនេះបានបន្តថារហូតមកដល់ព្រឹកថ្ងៃទី៤ ខែធ្នូ បងប្រុសជីដូនមួយរបស់នាងរស់នៅផ្ទះក្បែរគ្នាបានឃើញនាងស្ពាយកាបូបតូចមួយដើរចេញពីផ្ទះក៏សួរនាងថា «អ្ហែងទៅណា?»។ កូនស្រីគាត់ប្រាប់ថា “ទៅរកហូបអីមកវិញឥឡូវហើយ!” រួចក៏ឡើងជិះម៉ូតូជាមួយនឹងកំលោះម្នាក់អាយុប្រហាក់ប្រហែលគ្នានឹងនាងទៅបាត់អស់ រយៈពេលជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញទេ។
លោកបន្តថា បន្ទាប់ពីបាត់កូនស្រីរូប លោកបានដើររកកូនគ្រប់ច្រកល្ហក និងបាន ប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ស្រយង់ និងអធិការស្រុកគូលែនឲ្យជួយស្រាវជ្រាវរកកូនលោកដែរ តែរកមិនឃើញហើយទូរស័ព្ទដៃរបស់នាងក៏ទូរស័ព្ទមិនចូល ។
លោកបានបន្តថា មួយថ្ងៃក្រោយមក កូនស្រីលោកក៏បានទូរស័ព្ទមកម្តាយដោយ បានប្រាប់ថានាងមិនអីទេសូមកុំព្រួយអីហើយ ក៏បិទទូរស័ព្ទរហូតមក ។
លោកក៏បានបញ្ជាក់ទៀតថា ក្រោយ មកមានគេប្រាប់ថាបានឃើញកូនស្រីលោកជិះឡានមកកំពង់ធំទើបនៅរសៀលថ្ងៃទី១២ ខែធ្នូ លោកមកកំពង់ធំទៅកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែនសុំឲ្យជួយ អន្តរាគមន៍រកកូនស្រីរបស់លោកដែល សមត្ថកិច្ចនាងបានបាត់ពីផ្ទះមកទល់នឹងពេលនេះជិត ១០ថ្ងៃមកហើយ។
លោកបានសំណូមពរក្នុងនាមជាឪពុកម្តាយថា «បើកូនស្រីបានដឹងដំណឹងនេះ ហើយសូមឲ្យកូនវិលត្រលប់មកផ្ទះវិញ លោកទាំងពីរនាក់មិនប្រកាន់ទោសពៃរ៍អ្វីនោះទេ សូមឲ្យតែកូនត្រលប់មកផ្ទះទោះបីជាកូនបានស្រលាញ់គ្នាជ្រុលជ្រួសជាមួយនឹងអ្នកណាក៏ដោយ ក៏មិនប្រកាន់ដែរ!»៕ ហេង នរិន្ទ្រ