ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោមានមោទនៈភាព និងកោតសរសើរដោយស្មោះ ចំពោះកូនក្មួយកីឡាករកីឡាការិនីដែលប្រកួតឈ្នះនៅក្នុងការប្រកួតកីឡា SEA Games 

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងថា សម្តេចមានមោទនៈភាព និងកោតសរសើរដោយស្មោះ ចំពោះកូនក្មួយកីឡាករកីឡាការិនីដែលប្រកួតឈ្នះនៅក្នុងការប្រកួតកីឡា SEA Games កាលពីពេលថ្មីៗនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖

«ពូពិតជាមានមោទនៈភាព និងកោតសរសើរដោយស្មោះ ចំពោះកូនក្មួយកីឡាករកីឡាការិនីដែលប្រកួតឈ្នះនៅក្នុងការប្រកួតកីឡា SEA Games កាលពីពេលថ្មីៗនេះ ដែលទទួលបានមេដាយមាសសម្រាប់ប្រទេសជាតិ។ ទន្ទឹមនឹងនេះដែរ ពូសូមក្មួយៗកីឡាករកីឡាការិនីទាំងអស់យោគយល់ និងអធ្យាស្រ័យ ប្រសិនបើមានការយឺតយ៉ាវក្នុងការទទួលប្រាក់ឧបត្ថម្ភ។ សូមក្មួយៗតាំងចិត្តជាអ្នកកីឡាករស្អាតស្អំ ដោយមិនគិត ឬប្តូរយកតែប្រាក់មួយមុខសុខចិត្តទម្លាក់កិត្តិយសខ្លួន និងទម្លាក់ការគាំទ្រពីមជ្ឈដ្ឋានសាធារណៈ។

តម្លៃ និងកិត្តិយសរបស់ក្មួយៗគឺជាមោទនៈភាពជាតិ ជាពិសេសនៅពេលដែលគេប្រគល់ពានមេដាយហើយទង់ជាតិរបស់ប្រទេសយើងត្រូវបានបង្ហោះឡើងអមដោយភ្លេងជាតិ។ នេះហើយគឺជាតម្លៃសំខាន់បំផុតដែលបង្ហាញពីការស្មើភាព និងស្មើសិទ្ធិនៅលើកឆាកអន្តរជាតិដោយមិនគិតថាជាប្រទេសធំ ឬ តូច ប្រទេសអ្នកមាន ឬប្រទេសអ្នកក្រឡើយ។

យើងនឹងបន្តនាំយកមេដាយមាសជាច្រើនថែមទៀតជូនប្រទេសជាតិយើង ជាពិសេសនៅក្នុងការប្រកួតកីឡា SEA Games នៅឆ្នាំ ២០២៣ ខាងមុខ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖