ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ដោយសារមានការបង្ហោះព័ត៌មានមិនពិតជាដដែលៗ ខ្ញុំសូមបញ្ជាក់សារជាថ្មីអោយបងប្អូនជនរួមជាតិបានជ្រាបថា ខ្ញុំគ្មានប្រាក់លាក់ទុកនៅបរទេសដូចការបំប៉ោងដ៏អាក្រក់បំផុតរបស់ជនខិលខូចមួយចំនួនទេ។ បើបរទេសណាចង់បង្កកប្រាក់មេដឹកនាំគណបក្សប្រជាជន ឬមន្រ្តីរាជរដ្ឋាភិបាល គឺខ្ញុំសូមលើកទឹកចិត្តបន្ថែមអោយធ្វើចុះ។
ទ្រព្យសម្បត្តិខ្ញុំ គឺអាចមើលឃើញនៅតាមវត្តអារាម សាលារៀន មជ្ឈមណ្ឌលកុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្តូងទឹក ស្ពាន ផ្លូវថ្នល់ កូនក្មួយចៅៗសិស្សានុសិស្ស និងកូនក្មួយកីឡាករកីឡាការិនី និងសម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
សូមជូនពរបងប្អូនកូនក្មួយជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕