ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងបុករថយន្តដឹកសិស្សនៅបារាំងស្លាប់និងរបួសជាង២០នាក់

ចែករំលែក៖

រថភ្លើងបានបុកពេញទំហឹងទៅលើរថយន្តដឹកសិស្សសាលា នៅតំបន់ភាគខាងត្បូងប្រទេសបារាំង បណ្តាលឲ្យសិស្ស៤នាក់ស្លាប់ និងជាង២០នាក់រងរបួស ។ សិស្សរងគ្រោះមានអាយុចាប់ពី១៣ដល់១៧ឆ្នាំ ក្នុងនោះមាន ៩នាក់ ស្ថិតនៅក្នុងសភាពសង្គ្រោះបន្ទាន់។ អ្នកបើកបររថយន្តដឹកសិស្សគឺជាស្រីមានអាយុ៤៨ឆ្នាំ រងរបួសធ្ងន់សង្គ្រោះបន្ទាន់។ មន្ត្រីរដ្ឋាភិបាលបារាំងបានចាត់ទុកនេះ ជាគ្រោះថ្នាក់ផ្លូវដែកដ៏ធ្ងន់បំផុត។

ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ នៅចម្ងាយពីទីក្រុង Perpignan ភាគខាងត្បូងប្រទេសបារាំង ប្រមាណ២០គីឡូម៉ែត្រ ។ រថយន្តរងគ្រោះដឹកសិស្សពីសាលាទៅផ្ទះ។

លោក Robert Olive មន្ត្រីក្នុងស្រុក Saint Feliu A’Amont ដែលមានសិស្សរងគ្រោះបានឲ្យដឹងថា «ខ្ញុំមិនច្បាស់ថា រឿងរ៉ាវកើតឡើងបែបណានោះឡើយ ធ្វើឲ្យរថយន្តដឹកសិស្សត្រូវរថភ្លើងបុកកាត់ផ្តាច់ជាពីរកំណាត់ ធ្វើឲ្យមនុស្សជាច្រើនតក់ស្លុតយ៉ាងខ្លាំង»។

អ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែកបារាំងបានឲ្យដឹងថា នៅពេលគ្រោះថ្នាក់កើតឡើង រថភ្លើងបើកបរក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។ នៅពេលគ្រោះថា្នក់នៅលើរថភ្លើង មានអ្នកដំណើរ២៥នាក់ ក្នុងនោះ មាន៣នាក់ រងរបួសស្រាល។

អ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែកបានបញ្ជាក់ថា «តំបន់រងគ្រោះគឺឆ្លងកាត់ផ្លូវរថយន្តធម្មតា ដែលមានប្រព័ន្ធ ប្រកាសអាសន្នគ្រប់គ្រាន់ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា របាំងបិទផ្លូវពេលរថភ្លើង មកដល់ ក៏បានដាក់ចុះផងដែរ មិនដឹងយ៉ាងម៉េច ទើបរថយន្តបើកឆ្លងបាន ។ បើទោះបីយ៉ាងណា សមត្ថកិច្ចនៅតែបើកការស្រាវជ្រាវពីហេតុការណ៍ខាងលើ។

ចំណែករដ្ឋមន្ត្រីក្រសួងចរាចរណ៍បារាំងបានចាត់ទុកថា នេះជាសោកនាដកម្ម ហើយនឹងបើកការស្រាវជ្រាវឲ្យបានច្បាស់។ ពេលគ្រោះថ្នាក់ ក្រុមជួយសង្គ្រោះប្រមាណ៩៥នាក់ រថយន្តដឹកអ្នករបួស១០គ្រឿង និងឧទ្ធម្ភាគច័ក្រ៤គ្រឿង បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។

នេះជាហេតុការណ៍គ្រោះថ្នាក់ទ្រង់ទ្រាយធំបំផុត ពាក់ព័ន្ធនឹងមធ្យោបាយដឹកសិស្ស បន្ទាប់ពីគ្រោះថ្នាក់កាលពីឆ្នាំ១៩៨២ ពេលនោះ រថយន្តក្រុងដឹកសិស្សទៅលម្ហែកាយ ស្រាប់តែឆាប់ឆេះបណ្តាលឲ្យសិស្ស៥៣នាក់ស្លាប់ ក្នុងនោះ៤៤នាក់ជាកុមារ។

កាលពីឆ្នាំ២០១៦ មានករណីប៉ះទង្គិចរវាងរថភ្លើងនឹងរថយន្តដល់ទៅ១១១ករណីនៅផ្លូវឆ្លងកាត់រវាងរថភ្លើង និងរថយន្ត បណ្តាលឲ្យមនុស្ស៣១នាក់ស្លាប់ ភាគច្រើនបណ្តាលមកពីកំហុសអ្នកបើកបរ៕ ម៉ែវ សាធី


ចែករំលែក៖