ភ្នំពេញ៖ យុវជន២នាក់ជាគូជម្លោះបានទាស់គ្នារឿងទូរស័ព្ទដៃខ្ចីមិនសង រហូតដល់ឈ្លោះប្រកែកយុវជនម្នាក់បានទាញដាវសាំម៉ូរ៉ៃដេញកាប់តែត្រូវសមត្ថកិច្ចប្រទះឃេីញចាប់វាយខ្នោះយកមកប៉ុស្តិ៍។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ៩៧ ក្រុម៦ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យុវជនបង្កមានឈ្មោះ ស៊ុន ភក្ដី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនជាម្ចាស់អាវុធ (ដាវសាំម៉ូរ៉ៃ) ធ្លាប់ប្រេីប្រាស់សារធាតុញៀនរយៈពេល២ខែ។
ជនរងគ្រោះមានឈ្មោះ ណាន សុវិរៈរតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ធ្លាប់ប្រើប្រាស់សារធាតុញៀនរយៈពេល២ខែ។
ប្រភពព័ត៌មានពីយុវជនបង្កបានសារភាពថា ខ្លួនបានយកដាវកាប់ទៅលេីយុវជនរងគ្រោះពិតមែន ដោយសារជនរងគ្រោះ បានខ្ចីទូរស័ព្ទមួយគ្រឿងម៉ាកណូគារសេរីចាស់ ពណ៌ខ្មៅមិនសង ហេីយក៏ឈ្លោះប្រកែកគ្នាខ្លួនក៏បានទាញដាវនៅក្បែរខ្លួនដេញកាប់តាមផ្លូវរួច ក៏ត្រូវសមត្ថកិច្ចប្រទះឃេីញចាប់ឃាត់ខ្លួនយកមកប៉ុស្តិ៍ទាំង២នាក់តែម្តង។
បច្ចុប្បន្នយុវជនទាំងពីរនាក់រួមនឹងវត្ថុតាងត្រូវបាននាំមកឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី