ភ្នំពេញ៖ ពាក្យថាបច្ចេកវិទ្យាទូទាត់ប្រាក់ ដោយមិនប្រើក្រដាស់ប្រាក់ កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងនាពេលសព្វថ្ងៃនេះ។ នៅពេលគេទូទាត់ថ្លៃទំនិញឬសេវាកម្មណាមួយដោយមិនប្រើក្រដាសប្រាក់មិនថា ទូទាត់តាមប័ណ្ណឥនទានតាមការផ្ទេរប្រាក់តាមអនឡាញឬតាមកម្មវិធីទូទាត់ក្នុងទូរសព្ទចល័តនោះទេទាំងនេះ សុទ្ធតែអាចហៅថា ជាការទូទាត់ដោយមិនប្រើក្រដាសប្រាក់។
ប្រទេសនានាក្នុងតំបន់អាស៊ីគឺកំពុងតែចាប់យកបច្ចេកវិទ្យានេះយ៉ាងលឿន ហើយប្រទេសកម្ពុជា ក៏កំពុងនាំមុខគេក្នុងចំណោមប្រទេសមួយចំនួនសម្រាប់សេវាទូទាត់ប្រាក់ ដោយមិនប្រើក្រដាសប្រាក់នេះដែរ។ ក្នុងទីក្រុងភ្នំពេញទូរសព្ទដៃគឺកំពុងបង្ហាញកាន់តែច្បាស់ថាគេអាចប្រើវាបានលើសពីការហៅទូរសព្ទឬផ្ញើសារទៅទៀត។មិនថាប្រើសម្រាប់ហៅម៉ូតូកង់បីឬតាក់ស៊ីឬក៏កុម្មង់អាហារឬបង់ថ្លៃវិក្កយបត្រអគ្គិសនីនោះទេទាំងអស់នេះសុទ្ធតែអាចធ្វើទៅបាននៅក្នុងទីក្រុងនាពេលបច្ចុប្បន្នតាមរយៈទូរសព្ទដៃទំនើប។កម្មវិធីទូទាត់ប្រាក់ដោយមិនប្រើក្រដាស់ប្រាក់ដែលត្រូវបានបង្កើតឡើងនៅក្នុងស្រុកឈ្មោះផាយផេទទួលបានប្រជាប្រិយភាពខ្លាំងក្នុងអំឡុងរយៈពេល៥ខែកន្លងទៅនេះដោយមានមនុស្សចំនួនជាង១សែននាក់ហើយដែលប្រើប្រាស់កម្មវិធីនេះសម្រាប់បង់ថ្លៃទំនិញនិងសេវាកម្មនានា។
អ្នកប្រើប្រាស់ផាយផេម្នាក់ដែលជានិស្សិតសាកលវិទ្យាល័យPPIU និយាយថា៖ “បច្ចេកវិទ្យានេះជាបច្ចេកវិទ្យាថ្មីដែលផ្តល់ភាពងាយស្រួលក្នុងការទូទាត់ការចំណាយដោយយើងឃើញថាវាចំណេញពេលវេលាមិនចាំបាច់រង់ចាំលុយអាប់ហើយវាផ្តល់ការបញ្ចុះតម្លៃច្រើនសម្រាប់ផលិតផលនានា”។ពាណិជ្ជករទាំងអស់ពិតជារីករាយជាមួយនឹងអត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់ពួកគេតាមរយៈសេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់នេះ។
លោកកួច សុខលី នាយកប្រតិបត្តិក្រុមហ៊ុនស៊ីប៊ីអឹម បានមានប្រសាសន៍ថា៖ “ឧទាហរណ៍ដូចជាយើងចាប់ផ្តើមទទួលយកE-Payment (ការទូទាត់អេឡិកត្រូនិក) ពីផាយផេយើងអាចកាត់បន្ថយនៅលំហូរសាច់ប្រាក់សម្រាប់ក្រុមហ៊ុនដោយមានភាពងាយស្រួលសម្រាប់ក្រុមការងារយើងនៅក្នុងការបញ្ជូនសាច់ប្រាក់ទៅធនាគារ”។
ចំណែកឯលោកព្រំ បញ្ញាវ័ន្ត តំណាងផ្នែកទីផ្សាររោងភាពយន្ត Legend ក៏មានការពេញចិត្តនឹងសេវាកម្មទូទាត់ប្រាក់ដោយមិនប្រើក្រដាសប្រាក់នេះដែរហើយលោកបានឲ្យដឹងថា៖ “ក្រុមហ៊ុនផាយផេពិតជាដំណើរការបានល្អ។ យើងសង្កេតឃើញ និងអាចនិយាយបានថានេះជាសេវាទូទាត់ឥតប្រើក្រដាស់ប្រាក់ដំបូងគេនៅស្រុកខ្មែរនិងដែលទទួលបានអតិថិជនប្រើប្រាស់ច្រើនជាងគេ។ជាក់ស្តែងដូចនៅរោងភាពយន្តLegend របស់យើងផ្ទាល់យើងសង្កេតឃើញថាអតិថិជនរបស់យើងមួយចំនួនធំក៏បានចាប់ផ្តើមសេវាកម្មរបស់ផាយផេនេះដែរ”។
ដោយសារប្រជាជនកម្ពុជាជាច្រើន មិនមានគណនីធនាគារ ហើយបណ្តាញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមិនទាន់ទៅដល់តំបន់ដែលនៅឆ្ងាយពីទីក្រុងនៅឡើយ ដូច្នេះសេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់ផ្ដល់នូវសក្ដានុពលធំធេងសម្រាប់បរិយាបន្នហិរញ្ញវត្ថុនៃសហគមន៍ជនបទ។ ផ្អែកលើប្រជាប្រិយភាពនៃបច្ចេកវិទ្យាទូទាត់ដោយមិនប្រើក្រដាស់ប្រាក់នាពេលបច្ចុប្បន្ននេះ គេប្រហែលអាចធានាបានថា សេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់នឹងទទួលបានភាពភាពជោគជ័យ៕ វឌ្ឍនា