ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ មិនជំនុំជម្រះសាជាថ្មីទេ​ សំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ​៖ តុលាការកំពូល​ សម្រេចថា​ នឹងមិនលើកយកមកជំនុំជម្រះសាជាថ្មីទេ​ ក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ​ ដែលជា​សាលដីកាបិទផ្លូវតវ៉ា​ ។

ដីកាសម្រេចរបស់តុលាការកំពូល​ ទើបផ្សព្វផ្សាយនៅថ្ងៃទី១៥​ ខែធ្នូ​ លើកយកសំអាងហេតុចំនួន៤ចំណុច​ ក្នុងការសម្រេចមិនលើកយកសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ​ មកជំនុំជម្រះសាជាថ្មី​ ជាអាទិ៍​ ​កាលដែលសហដើមចោទនៃបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី​ លើកឡើងថា​ “នៅក្នុងក្រមនីតិវិធី​ គ្មានមាត្រាណាមួយហាមមិនឱ្យខ្លួនប្តឹងទាមទារឱ្យតុលាការជំនុំជម្រះសាជាថ្មី​ ដើម្បីការពារសិទ្ធិ​ ការពារកិត្តិយស​ និង​ ផលប្រយោជន៍​ របស់ខ្លួននោះទេ​ ជាអាទិ៍មាត្រា៣០៧​ និង​ មាត្រា៣១៨​ នៃក្រមនីតិវិធីរដ្ឋប្បវេណី”​ នោះ​ គឺ​ ជាការមិនត្រឹមត្រូវទេ​ ពីព្រោះថាតាមមាត្រា៤៥ថ្មី​ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​ សាលដីកាលេខ៣៤០(ឆ)ចុះថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ របស់តុលាការកំពូលនេះ​ មិនត្រូវបានអនុញ្ញាតឱ្យមានការបើកការជំនុំជម្រះសាជាថ្មី​ ទេ​ គឺ​ សាលដីកាដែលបិទផ្លូវតវ៉ា​ ។

យោង​តាម​សាលដីកា​របស់​តុលាការ​កំពូល​ កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ផ្អាក​សកម្មភាព​នយោបាយ​របស់​បុគ្គល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨រូប​ គឺ​ ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​ ។

​ក្រសួង​មហាផ្ទៃ​ ក៏​សម្រេច​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ហើយ​ផ្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​​ រួចរាល់​ហើយ​ដែរ​ ។

កាលពី​ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ លោក​មេធាវី​ ផែង​ ហេង​ អម​ដំណើរ​ដោយ​លោក​អ៊ូ​ ច័ន្ទ​រ័ត្ន​ និង​ លោក​ កង​ គឹមហាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​ឱ្យ​​តុលាការ​កំពូល​ជំនុំ​ជម្រះ​សា​​ជា​ថ្មី​លើ​សំណុំ​រឿង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ និង​សុំ​រក្សា​ការពារ​សមាជិក​ភាព​អតីត​តំណាង​រាស្ត្រ​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានី​របស់​អតីត​បក្ស​នេះ។

លោក​មេធាវី​ ផែង ហេង និយាយ​ថា​ រឿង​ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ គឺ​ជា​នីតិវិធី​ថ្មី​របស់​តុលាការ​កំពូល ហើយ​តុលាការ​នេះ​បាន​ប្រើ​ប្រាស់​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ។ ដូច្នេះ​បើ​តាម​លោក​មេធាវី គឺ​លទ្ធភាព​នៃ​ការ​សើ​រើ​សំណុំ​រឿង​នេះ​ឡើង​វិញ​នៅ​តែ​មាន​៕ ចេស្តា


ចែករំលែក៖