ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ចាប់ត្រីព្រែកកំពង់ជីពាយសង្ស័យរអឺលជើងធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសត្រូវបានក្មេងៗឃ្វាលក្របី ប្រទះឃើញធ្លាក់ចូលទឹកលង់ស្លាប់នៅចំណុចព្រែកកំពង់ជីពាយ បង្កមានការ​ភ្ញាក់ផ្អើល និងឆោឡោ​ឡើងហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះសៅ ណាន អាយុ១៣ឆាំ្ន មុខរបរសិស្ស រស់នៅ ភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង មានទីលំនៅភូមិ សង្កាត់ខាងលើក្បែរកន្លែងកើតហេតុ។

តាមអ្នកភូមិបានឲ្យដឹងថា ក្មេងប្រុសខាងលើ គឺសព្វដងពេលព្រឹកតែងតែទៅចាប់ត្រី ដើម្បីយកមកធ្វើម្ហូប និងយកទៅលក់នៅឯផ្សារ ព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។

ប្រភពបន្តថា មុនកើតហេតុ គេឃើញក្មេងប្រុសបានទៅចាប់ត្រីនៅចំណុចព្រែកកំពង់ជីពាយ ស្រាប់តែរអឺលជើងធ្លាក់ទឹកប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ។

បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលស្រុកប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖