ព័ត៌មានទាន់ហេតុការណ៍៖

បើកបរក្នុងស្ថានភាពស្រវឹងធ្លាក់ចូលអូរបណ្តាលឱ្យមនុស្សស្លាប់បីនាក់និង៧នាក់ទៀតរបួសធ្ងន់និងស្រាលក្នុងស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្សបីនាក់បានស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់ និងស្រាល ដោយសារបើកបររថយន្តល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោកជាំជ្រុលចង្កូតធ្លាក់ចូលអូរ។

ហេតុការណ៍នេះ បានកើតនៅថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នូឆ្នាំ២០១៧ វេលាម៉ោង១៧ និង៤៥នាទីត្រង់ ចំណុចអូសាមល់លើផ្លូវក្រាលកៅស៊ូមិនទាន់រួច ស្ថិតក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរនគីរី។

លោកថេង ចន្ធី អធិការនគបាលស្រុកលំផាត់បានឱ្យដឹងថា រថយន្តបើកបរ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងល្បឿនលឿន ក៏ជ្រុលចង្កូតធ្លាក់ចូលក្នុងអូរដោយខ្លួនឯង បណ្ដាលអោយស្លាប់មនុស្សចំនួន៣នាក់ ក្នុងនោះស្រី២នាក់ និងរង របួសធ្ងន់ ម្នាក់ (ប្រុស) រង របួសស្រាល៦នាក់ ក្នុងនោះស្រី ម្នាក់។

លោកបន្តថា រថយន្តដែលធ្លក់ចូលអូរនោះ ម៉ាក ហ៊ីយ៉ាន់ដាយ ២,៥តោន ពាក់ស្លាកលេខភ្នំពេញ ៣D.២៥៥៩ បើកបរដោយឈ្មោះ វ៉ុន វ៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មិនមានរងរបួស ហើយបានរត់គេចខ្លួនបាត់ភ្លាមៗបន្ទាប់ពីកើតហេតុ។

ជនរងគ្រោះរួមមានទី១ ឈ្មោះ ឡាង ឃារិទ្ធ ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) ទី២ឈ្មោះ ផល លីកា ភេទ ស្រី អាយុ ០៣ឆ្នាំ ជនជាតិ ខ្មែរ (ស្លាប់) ទី៣ ឈ្មោះ លួន រ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ(ស្លាប់)។

កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសេដាបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកបកែវ តាមរយៈរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យស្រុកបកែវ ។

ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំសេដា និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖