អាមេរិកនិងអឺរ៉ុប តែងតែប្រើប្រាស់ ទណ្ឌកម្មទៅលើប្រទេស ផ្សេងទៀតដែលមិនស្តាប់ឬធ្វើតាមអ្វីដែលខ្លួនចង់បាន ដែលខ្លួនចង្អុលបង្ហាញ ។ ប៉ុន្តែការដាក់ ទណ្ឌកម្ម របស់ប្រទេសលោកខាងលិច នាពេលនេះដូចជាមិនមានប្រសិទ្ធភាពសោះឡើយ ដូចជាការដាក់ទណ្ឌកម្ម ទៅលើ កូរ៉េខាងជើង អីុរ៉ង់ និង រុស្ស៊ីជាដើម។ ប្រទេសដែលរងការដាក់ទណ្ឌកម្ម នៅតែ បន្តសកម្មភាពរបស់ខ្លួនដដែល។
ការដាក់ទណ្ឌកម្មគឺជាទម្លាប់របសលោកខាងលិច ដើម្បីបង្ខំឲ្យប្រទេសដែលតែងតែប្រឆាំងខ្លួនត្រូវស្តាប់តាមការចង្អុលបង្ហាញពីគោលនយោបាយរបស់លោកខាងលិច ។ទណ្ឌកម្មបានក្លាយទៅជាប្រពៃណីរបស់លោកខាងលិចទៅហើយ ។ ប៉ុន្តែការដាក់ ទណ្ឌកម្មទៅលើ កូរ៉េខាងជើង ក៏ដូចជា រុស្ស៊ី មិនមានប្រសិទ្ធភាពដូចការចង់បានឡើយ។
ចំណុចទាំងនោះអាចធ្វើឲ្យអាមេរិកនិងអឺរ៉ុបត្រូវតែផ្លាស់ប្តូរ នីតិវិធីក្នុងការដាក់ ទណ្ឌកម្ម ។កន្លងមកសហភាពអឺរ៉ុប ដាក់ ទណ្ឌកម្មលើប្រទេសនេះលើប្រទេសនោះ ដើម្បីជាការសម្តែងការថ្កោលទោសណាមួយ ចំពោះទង្វើដែលសហភាពអឺរ៉ុប គិត ថាមិនត្រឹមត្រូវ មិនស្របនឹងគោលការណ៍គ្រឹះរបស់ខ្លួន។ ឧទាហរណ៍ គោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ សេរីភាពជាដើម។ តើសហភាពអឺរ៉ុប មាន នីតិវិធីអ្វីខ្លះ មុននឹងឈានទៅសម្រេចដាក់ ទណ្ឌកម្ម លើប្រទេសណាមួយ?
វិធានច្បាប់ ក្នុងក្របខ័ណ្ឌសហភាព អឺរ៉ុប មានលក្ខណៈស្មុគស្មាញបំផុត ព្រោះត្រូវឆ្លងកាត់នីតិវិធីដ៏សាំញ៉ាំ ពីស្ថាប័នមួយ ទៅស្ថាប័នមួយ អមដោយការព្រមព្រៀង យល់ព្រមពីប្រទេសសមាជិកសហភាព អឺរ៉ុបទាំងអស់ មុននឹងឈានទៅសម្រេចបោះឆ្នោតជាផ្លូវការ។ បទបញ្ញត្តិរបស់អឺរ៉ុប មានច្រើនសណ្ឋាន ហើយអាចសម្រេច អនុម័តបាន ដោយស្ថាប័នធំៗ របស់សហ ភាពអឺរ៉ុប មានជាអាទិ៍ សភាអឺរ៉ុប គណៈ កម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ដែល ស្ថាប័នកំពូលធំបំផុត មានតួនាទីធ្វើបទ បញ្ញត្តិធំនានា។
ទាក់ទិន ទៅនឹងការសម្រេចដាក់ទណ្ឌកម្មលើប្រទេសណាមួយនេះ គឺវាស្ថិតនៅក្នុងវិស័យកិច្ចការបរទេសរបស់សហភាពអឺរ៉ុប។ ក្នុងកិច្ចការនេះ អឺរ៉ុប មានមន្ត្រីម្នាក់ ដែលមានតំណែងជា អនុប្រធានគណៈកម្ម ការអឺរ៉ុប និងជាអ្នកតំណាងជាន់ខ្ពស់ឲ្យ សហភាពអឺរ៉ុប ក្នុងកិច្ចការបរទេស និង នយោបាយសន្តិសុខ PESC។ តំណែងនេះគឺប្រៀបបីដូចជារដ្ឋមន្ត្រីក្រសួងការបរទេស នៅតាមប្រទេសធម្មតាដែរ។ បច្ចុ ប្បន្ន គឺលោកស្រី Federica Moguerini ដែលកាន់មុខតំណែងនេះ។
យោងតាមនីតិវិធីច្បាប់ សភាអឺរ៉ុប ពុំ អាចសម្រេចអនុម័តបទបញ្ញត្តិណាមួយ ដែលមានលក្ខណៈចាប់បង្ខំដោយផ្ទាល់ទេ។ សភា អឺរ៉ុប អាចចេញលិខិតមួយ ដែល គេហៅថា ជាសេចក្តីសម្រេចចិត្តRésolu tion ដើម្បីប្រកាសគោលជំហរ អំពាវនាវ ឲ្យមានការដាក់ទណ្ឌកម្ម ទៅលើប្រទេស ណាមួយ។ គឺដោយយោងលើ សេចក្តី សម្រេចចិត្តរបស់សភាអឺរ៉ុបនេះហើយ ទើបគណៈកម្មការអឺរ៉ុបឈានទៅបើកកិច្ចប្រជុំ រៀបចំសំណើទណ្ឌកម្ម បញ្ជូនទៅក្រុម ប្រឹក្សាអឺរ៉ុប ជាអ្នកសម្រេចអនុម័តចុង ក្រោយ។
ជាធម្មតា ក្រោយសភាអឺរ៉ុបធ្វើសេចក្តីសម្រេចចិត្ត ដាក់ទណ្ឌកម្មលើប្រទេស ណាមួយហើយ អ្នកតំណាងជាន់ខ្ពស់សហ ភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងយកសំណើនេះ ទៅពិនិត្យមើល លម្អិត។ បន្ទាប់មក តំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេសនេះ ត្រូវបញ្ជូន សំណើនេះ ទៅកាន់អង្គភាពត្រៀមមួយ ចំនួន ដើម្បីជជែកពិភាក្សាគ្នា។
-ទីមួយ ក្រុមការងារពិភាក្សា ជំនាញតាមតំបន់ភូមិសាស្ត្រ នៃប្រទេសដែលរង ទណ្ឌកម្ម។ ឧទាហរណ៍ ក្រុមការងារជំនាញ តំបន់អាស៊ី អូសេអានី សម្រាប់ប្រទេស នៅទ្វីបអាស៊ី និងអូសេអានី។
-ទីពីរ ក្រុមអ្នកប្រឹក្សាយោបល់ ស្តីពី ទំនាក់ទំនងអន្តរជាតិ ហៅកាត់ថាRelex។
-ទីបី គឺត្រូវឆ្លងកាត់គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ Coreper II ដែលសុទ្ធតែជាអគ្គរដ្ឋទូតតំណាងប្រទេសមាជិកអឺរ៉ុបទាំងអស់។
-ហើយចុងក្រោយ បើចាំបាច់ គឺត្រូវឆ្លង កាត់ គណៈកម្មាធិការនយោបាយ និងសន្តិ សុខ ហៅកាត់ថា COPS។
បន្ទាប់ពីឆ្លងកាត់ ការជជែកពិភាក្សា ក្នុងក្រុមការងារ និងគណៈកម្មាធិការទាំង នេះហើយ សំណើទណ្ឌកម្មចុងក្រោយ នឹងត្រូវបញ្ជូនទៅ ក្រុមប្រឹក្សាអឺរ៉ុប ដែលជា អ្នកសម្រេចចុងក្រោយ។ សមាជិក ក្រុមប្រឹ ក្សាអឺរ៉ុប មាន ដូចជាលោកប្រធានក្រុមប្រឹក្សាអឺរ៉ុបផ្ទាល់ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកទាំង២៧ លោកប្រធាន គណៈកម្មការអឺរ៉ុប និងអ្នកតំណាងជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស។ ទាំង អស់គ្នានេះ ត្រូវបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីអនុម័តលើសំណើទណ្ឌកម្ម។
ដោយឡែក ក្នុងករណី ដែលទណ្ឌកម្ម នេះ មានភ្ជាប់មកជាមួយ នូវទណ្ឌកម្ម សេដ្ឋកិច្ច ការដាក់កំហិត ឬការបង្កកទ្រព្យ សម្បត្តិ របស់បុគ្គលពាក់ព័ន្ធណាមួយ នោះ អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ បរទេស អឺរ៉ុប ត្រូវធ្វើសំណើមួយដាច់ដោយ ឡែក ផ្សេងទៀត ភ្ជាប់មកជាមួយ សំណើ ដាក់ទណ្ឌកម្មខាងលើ តាំងតែពីពេលចាប់ ផ្តើមនីតិវិធី។
សំណើដាក់ទណ្ឌសេដ្ឋកិច្ចភ្ជាប់បន្ថែម ត្រូវឆ្លងកាត់ ការជជែកដេញដោល របស់ក្រុមទីប្រឹក្សាទំនាក់ទំនងអន្តរជាតិ Relex ហើយនិងគណៈកម្មាធិការនយោបាយ និងសន្តិសុខ។ បន្ទាប់មក សំណើនេះ នឹងបញ្ជូនបន្តទៅក្រុមប្រឹក្សាអឺរ៉ុបជាអ្នកសម្រេច ធ្វើបទបញ្ញត្តិមួយ (Règlement du Conseil) ដើម្បីចែងពីដែនវិសាលភាព វិធាន និងនីតិវិធីអនុវត្ត នៃទណ្ឌកម្មសេដ្ឋកិច្ច ដែលមានចែង។ វិធានទាំងនេះ នឹងចាប់បង្ខំ ប្រទេសសមាជិកអឺរ៉ុបទាំងអស់ ឲ្យ គោរពអនុវត្ត មិនថាអាជ្ញាធររដ្ឋ ឬភ្នាក់ងារ ក្នុងវិស័យឯកជនទេ។
ក្រោយការសម្រេចអនុម័តទណ្ឌកម្ម និង បទបញ្ញត្តិពិសេស បន្ថែមទណ្ឌកម្ម សេដ្ឋកិច្ចនេះ ក្រុមប្រឹក្សាអឺរ៉ុប ត្រូវជូន ដំណឹងនេះទៅសភាអឺរ៉ុប។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអឺរ៉ុប ចូលជាធរមាន មានសុពលភាព បន្ទាប់ពីត្រូវបានចុះផ្សាយ ក្នុងសៀវភៅបទបញ្ញតិ្តផ្លូវការនៃសហភាពអឺរ៉ុប Journal Officiel de l’Union Européenne៕ ម៉ែវ សាធី