ព័ត៌មានទាន់ហេតុការណ៍៖

១យប់បាញ់៤លើកកក្រើកនៅភ្នំពេញបាញ់ប្លន់, បាញ់ទំនាស់ និងបាញ់ស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ ចាត់ទុកជាកាដូចុងឆ្នាំ២០១៧ ក៏ថាបានបន្ទាប់ពីគេបានកត់សម្គាល់ឃើញ ថា ក្នុងមួយយប់ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធ យ៉ាងកក្រើកកណ្តាលរាជធានីភ្នំពេញដែល កើតឡើងដោយអំពើប្លន់ ការបង្កទំនាស់ និងស្រវឹង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដឹង ហេតុការណ៍បាញ់កណ្តាលរាជធានីទាំង៤ ករណីបានឲ្យដឹងថា ករណីនេះបានកើត ឡើងជាបន្តបន្ទាប់ក្នុង១យប់គឺ៖

ករណីទី១ ៖ ចោរបាញ់ប្លន់អ្នករក សុីរាប់លុយរបួសធ្ងន់២នាក់ចោរស្លាប់ម្នាក់ដោយសារប្រជាពលរដ្ឋសំពង

មនុស្សម្នាក់ដែលគេអះអាងថា ជាជន សង្ស័យក្នុងអំពើប្លន់ត្រូវបានប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធវាយសម្លាប់មួយរំពេច ខណៈគូកនម្នាក់ទៀតរត់គេចខ្លួនបន្ទាប់ពីបាញ់ប្លន់អ្នករកសុីរាប់លុយ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យរងរបួសកាលពីព្រលប់ថ្ងៃចន្ទ ១កើត ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិ ចំរើនផល សង្កាត់បឹងទំពុន២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរង គ្រោះឈ្មោះ ហ៊ី គឹមហ័រ អាយុ៤៥ឆ្នាំ មុខ របររាប់លុយ (ចងការ) និងជាមេតុងទីន ស្នាក់នៅផ្ទះកើតហេតុ មានប្តីឈ្មោះ ម៊ុយ សុភី មុខរបរមន្ត្រីយោធា អាយុ៤៨ឆ្នាំ។ ពេលនោះក៏មានបុរសម្នាក់រងគ្រោះត្រូវគ្រាប់កាំភ្លើងរបស់ចោរមកពីជួយចាប់ជនល្មើសខាងលើផងដែរ។ បុរសនោះឈ្មោះ ឃាង គឹមស្រុង អាយុ៣១ឆ្នាំ មុខរបរជួល និង សង់រោងការបុណ្យ ។

តាមសាក្សីពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះជាអ្នកដើររាប់លុយទើបនឹងមកពីដើរប្រមូលលុយពីគេដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក។ ខណៈមកដល់ផ្ទះកំពុងអង្គុយ រាប់លុយនៅមុខផ្ទះស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥មិនស្គាល់ស្លាកលេខប្រដាប់ដោយកាំភ្លើង ខ្លីម៉ាក K59 មួយដើមមកឈប់មុខផ្ទះស្ត្រីរង គ្រោះ ហើយជនសង្ស័យម្នាក់ចុះពីលើម៉ូតូដើរសំដៅមករកស្ត្រីរងគ្រោះគំរាមយកលុយ និងបាញ់១គ្រាប់ចំកំភួនជើងឆ្វេងធ្លាយត្រូវមេជើងស្តាំរបួសធ្ងន់រួចជនសង្ស័យបាន ទាញយកកាបូបដាក់លុយជិះម៉ូតូចេញ ។

ប្រភពបានបន្តថា ភ្លាមៗនោះប្តីស្ត្រីរងគ្រោះបានដើរចេញពីផ្ទះឃើញដូច្នេះក៏បានរត់ដេញតាមពីក្រោយម៉ូតូជនសង្ស័យដោយដៃមានកាន់ដំបង ហើយស្រែកថាចោរៗ ជួយផងចោរប្លន់។ លុះជនសង្ស័យជិះផុតបានប្រហែល១០០ម៉ែត្រក៏មានបុរសរងគ្រោះម្នាក់ឈ្មោះ ឃាង គឹមស្រុង បានឮ សំឡេងស្រែកឲ្យជួយចាប់ចោរក៏បានរត់ចេញពីក្នុងផ្ទះមកលោតធាក់ជនសង្ស័យដែលជិះខាងក្រោយមានកាំភ្លើងធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យដួល។ ចំណែកជនសង្ស័យម្នាក់ទៀតដែលបើកម៉ូតូមិនឈប់ទេគឺបាន បន្ថែមល្បឿនគេចខ្លួនបាត់រួចបុរសរងគ្រោះ ឈ្មោះ ឃាង គឹមស្រុង ក៏បានប្រតាយប្រតប់ គ្នាជាមួយជនសង្ស័យទើបធ្វើឲ្យជនសង្ស័យបាញ់៣ទៅ៤គ្រាប់ត្រូវចំភ្លៅខាងឆ្វេងមួយគ្រាប់បណ្ដាលឲ្យរបួសធ្ងន់។ ភ្លាមៗនោះក៏ មានប្រជាពលរដ្ឋចេញមកជាច្រើននាក់នាំគ្នាចាប់បានកាំភ្លើងរបស់ជនសង្ស័យគ្រវាត់ចោលនាំគ្នាសំពងខ្លះយកដុំថ្មធំៗវាយចំ ក្បាលបែកហូរឈាមរហូតដាច់ខ្យល់ស្លាប់នៅនឹងកន្លែងតែម្ដង ៕

ករណីទី២ ៖ លោកមេធាវីស្រវឹង ខ្លាំងបាញ់២គ្រាប់របួសជើងជំនួយការនៅក្បែរផ្ទះអគ្គស្នងការនគរ បាលជាតិរួចហើយបោះសម្ដីថា ចង់បាញ់១០គ្រាប់ទៀតក៏គ្មាន បញ្ហាដែរ

បុរសចិត្តសឿងម្នាក់បានដកកាំភ្លើងខ្លី បាញ់បោះសេរីនៅក្បែរផ្ទះលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិចំនួន២គ្រាប់ ហើយហ៊ានបោះ សម្ដីដាក់សមត្ថកិច្ចថា ចង់អញបាញ់១០គ្រាប់ក៏គ្មានបញ្ហាដែរ ។

ហេតុការណ៍បាញ់បោះសេរីកណ្ដាល រាជធានីភ្នំពេញខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង១០នាទីយប់ថ្ងៃចន្ទ ១កើត ខ ែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែរផ្ទះនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យ ដឹងថា នៅមុនពេលកើតហេតុមានបុរស ម្នាក់បានបើករថយន្តម៉ាកឡិចស៊ីសLX ៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8254 មកឈប់នៅក្បែរផ្ទះនាយឧត្តម សេនីយ៍អគ្គស្នងការនគរបាលជាតិហើយ មិនដឹងរឿងអ្វីស្រាប់តែដកកាំភ្លើងខ្លីម៉ាកឡុក ពីក្នុងរថយន្តបាញ់បណ្តាលឲ្យត្រូវជនរងគ្រោះម្នាក់រហស្សនាម កក្កដា ជាជំនួយការរបស់ខ្លួនរងរបួសជើងស្តាំ គ្រាដែលលោកមេធាវីរូបនេះរួមដំណើរជាមួយមកពីសុី ការគេហើយលោកមេធាវីបបួលជំនួយការនោះ(កក្កដា)ទៅផឹកសុីបន្តទៀតតែជនរងគ្រោះមិនព្រមទៅ។ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចនគរបាលមូលដ្ឋានដែលឈរ ជើងនៅក្បែរនោះក៏ចេញទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង ។

ប្រភពដដែលបានបន្តថា មុនពេលសមត្ថ កិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាជនសង្ស័យដែលជាមេធាវីរូបនេះ បានបោះសម្ដីមិនសមរម្យដាក់សមត្ថកិច្ចដោយពោលថា «អញបាញ់២គ្រាប់លេង មានទាស់អី? អញចង់បាញ់១០គ្រាប់ទៀត ក៏គ្មានបញ្ហាដែរ»។ បើទោះជាជននេះអះអាង ឬសម្ញែងឫកធំឬអាងខ្នងយ៉ាងណាក៏ដោយចុះកម្លាំងសមត្ថកិច្ចនៅតែឃាត់ខ្លួនជាមួយ នឹងរថយន្តមួយគ្រឿង ព្រមទាំងដកហូតបាន កាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ១ដើមដើម្បីយកទៅសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករាដែលនៅមិនឆ្ងាយពីទីតាំង កើតហេតុ។

បើតាមប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យ ដឹងថា ជនសង្ស័យជាមេធាវីឈ្មោះ សី ដែល មុនពេលកើតហេតុរូបគាត់ស្រវឹងខ្លាំងទើបតែចេញពីកម្មវិធីមង្គលការកូនមិត្តភក្តិ ៕

ករណីទី៣ ៖ យុវជន២នាក់ដេញ វាយបុរសម្នាក់ទ្រាំលែងបានរត់ ទៅយកកាំភ្លើងអាកាពីមន្ត្រីនគរបាលយាមប្រចាំការនៅមុខស្ថានទូតតែបាញ់មិនចេញ

បុរសម្នាក់ដោយទ្រាំលែងបាននឹងគូ បដិបក្ខដេញវាយក៏សម្រេចចិត្តរត់ទៅយកកាំភ្លើងអាកាពីមន្ត្រីនគរបាលម្នាក់ដែល កំពុងអង្គុយយាមប្រចាំការនៅមុខស្ថានទូតវៀតណាមបម្រុងបាញ់តបគូទំនាស់តែ បាញ់មិនផ្ទុះបន្ទាប់ពីខឹងយុវជន២នាក់ ដែលទាញខ្សែក្រវាត់វាយខ្លួនបណ្តាលឲ្យបែកក្បាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមុខស្ថានទូតវៀត ណាម ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជ ធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ដេញវាយបុរសម្នាក់តាមផ្លូវព្រះមុនីវង្សរហូតបែកក្បាលដោយមិនដឹងមូលហេតុអ្វីនោះទេ។ ខណៈពួកគេជិះម៉ូតូមកដល់ចំណុចមុខស្ថានទូតវៀតណាមជនរងគ្រោះបានឈប់ម៉ូតូដើម្បីរត់ទៅឲ្យមន្ត្រីនគរបាលយាមនៅមុខស្ថាន ទូតនោះជួយ។ ប៉ុន្តែពេលនោះយុវជនទាំង២នាក់នោះនៅតែព្យាយាមវាយមកលើរូបខ្លួនទៀត។ ដោយទ្រាំលែងបានជនរងគ្រោះ ក៏រត់ទៅទាញកាំភ្លើងអាកាពីមន្ត្រីនគរបាលដែលយាមក្នុងប៉ុស្តិ៍នៅមុខស្ថានទូតវៀតណាមនោះបាញ់សំដៅយុវជន២នាក់ដែលតាមវាយខ្លួនតែកាំភ្លើងជាប់សោបាញ់មិនចេញធ្វើឲ្យយុវជនទាំង២នាក់ភ័យរត់គេចខ្លួនបាត់តែម្តង ៕

ករណីទី៤ ៖ ទំនាស់ក្នុងក្លិបនិងបើកម៉ូតូមិនឲ្យរថយន្តជែងបាញ់ស្លាប់ម្នាក់

ករណីបាញ់នេះបណ្តាលឲ្យយុវជន ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជិះម៉ូតូចេញពីរាំកម្សាន្តក្នុងក្លិបប្លូឡាញតាមបណ្តោយផ្លូវលេខ២៧១ ហើយត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខដេញតាមបាញ់ប្រហារកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺនៅថ្ងៃអង្គារ ២កើត ខែ បុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧ នៅលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមសម្ដីអ្នកដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកឌូក ពណ៌ខ្មៅលាយស ពាក់ស្លាក លេខភ្នំពេញ 1GP-9640 ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពី ត្បូងទៅជើង។ ពេលជិះជិតដល់កន្លែងកើត ហេតុក៏មានរថយន្ដ១គ្រឿងម៉ាករេ៉វហ្វ័រ ពណ៌ស មិនចាំស្លាកលេខបើកមកពីក្រោយ និងសុីប្លេឲ្យជនរងគ្រោះជៀសតែជនរងគ្រោះមិនជៀស ហើយពេលរថយន្តនោះជែងបានបន្តិចអ្នកជិះក្នុងរថយន្តបានបើកកញ្ចក់រថយន្តបាញ់១គ្រាប់សំដៅជនរងគ្រោះចំកស្លាប់ភ្លាមៗរួចហើយក្រុមជន សង្ស័យក៏បើករថយន្តគេចខ្លួនបាត់ ។

តាមសម្តីមិត្តភក្តិជនរងគ្រោះបានឲ្យ ដឹងថា នៅមុនពេលកើតហេតុរូបគេនិងជនរងគ្រោះបាននាំគ្នាចូលផឹកសុីរាំកម្សាន្តនៅក្នុងក្លិបប្លូឡាញ។ ខណៈកំពុងផឹកសុី សប្បាយស្រាប់តែទាស់សម្តីគ្នាជាមួយ ភាគីម្ខាងទៀតតែមិនបង្កហិង្សានោះទេ ។

សាក្សីដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះក៏ចេញមកផ្ទះដោយជិះម៉ូតូម្នាក់ ឯង។ ភ្លាមៗនោះស្រាប់តែមានប្រជាពល រដ្ឋបានទូរស័ព្ទប្រាប់រូបគាត់ថា មានគេ ដេញបាញ់មិត្តភក្តិរបស់គាត់។ ពេលឮដូចនោះរូបគាត់ក៏ជិះម៉ូតូតាមមកពីក្រោយរហូតមកដល់លើស្ពានអាកាសស្ទឹងមានជ័យស្រាប់តែឃើញមិត្តភក្តិគាត់ត្រូវបានគេ បាញ់ស្លាប់បាត់ទៅហើយទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង ៕ ស រស្មី + ភារ៉ា ដង្កោ


ចែករំលែក៖