ព័ត៌មានទាន់ហេតុការណ៍៖

តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបកស្រាយការណ៍ពិតនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារ៤ចំណុច ដើម្បីបញ្ជាក់ពីស្ថានការណ៍ នយោបាយពិតនៅកម្ពុជា។ ការបញ្ជាក់នេះ ដើម្បីឲ្យសមាជិកអង្គការសហប្រជាជាតិយល់ច្បាស់ពីស្ថានការណ៍នយោបាយនៅកម្ពុជាផង និងដើម្បីឆ្លើយតបចំពោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងការពិភាក្សា ស្តីពីបញ្ហាអ្វីដែលគេហៅថា “ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” រៀបចំរួមគ្នាដោយស្ថានបេសកកម្ម អចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកនិងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអង្គការសហ ប្រជាជាតិនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍សហរដ្ឋ អាមេរិក ប្រចាំអង្គការសហប្រជាជាតិ ។

តាមសេចក្តីថ្លែងការណ៍ការពិភាក្សាបែបនេះ ដែលត្រូវបានរៀបចំឡើងក្នុងហេតុ ផលនយោបាយ និងមានចេតនាយ៉ាងច្បាស់ក្នុងការបំភាន់សាធារណមតិអន្តរជាតិ។ ស្ថានបេសកកម្ម ចាត់ទុកអាកប្បកិរិយា ដ៏ក្រអឺតក្រទម និងគ្មានការគោរពបែបនេះ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃព្រះ រាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូចមានចែងក្នុងមាត្រា ២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថាដោយសារវេទិកាខាងលើនេះមានគោលបំណងផ្តល់ព័ត៌មានមិនពិត និងបង្កការយល់ច្រឡំអំពីស្ថានភាព ជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ត្រូវបង្ខំចិត្តផ្តល់ការពន្យល់ទាំងអង្គហេតុ និងអង្គច្បាប់ សម្រាប់ជាព័ត៌មានជូនដល់គ្រប់ស្ថានបេសកកម្មទាំងអស់៤ចំណុច រួមមាន ៖

១-ករណីលោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និង ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាដោយអនុលោមតាមច្បាប់ជាធរមាន។ នៅក្នុងវីដេអូ ដែលបានថតទុកលោក កឹម សុខា បាន និយាយអួតអាងដោយខ្លួនឯងផ្ទាល់ជា ចំហទៅកាន់សហគមន៍ខ្មែរនៅប្រទេស អូស្ត្រាលីថា គាត់បានទទួលការបង្ហាត់ បង្រៀនដោយប្រទេសមហាអំណាចមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត តាមការប្រើប្រាស់ វិធីញុះញង់ប្រជាជនបង្កអំពើហិង្សាតាម គំរូព្រឹត្តិការណ៍នៅប្រទេសយូហ្គោស្លាវី និង ស៊ែប៊ីដែលប្រការនេះជាការបង្ហាញឲ្យឃើញថា គាត់គោរព និងស្តាប់តាមការបង្គាប់ បញ្ជាទាំងស្រុងពីប្រទេសមហាអំណាចនេះ។ ជាលទ្ធផលសមាជិកអតីតគណបក្ស សង្គ្រោះជាតិចំនួន១១៨នាក់ត្រូវបានហាមឃាត់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយជាប់ពាក់ព័ន្ធនឹងការឃុបឃិតដូចគ្នានេះដែរ ។

២-រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួល រងការចោទប្រកាន់ដោយអយុត្តិធម៌ផងដែរ ពីការរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិ ដោយសារការបិទសារព័ត៌មានមួយ ចំនួនតូច ក្នុងខណៈពេលដែលបច្ចុប្បន្ននេះ កម្ពុជាមានសារព័ត៌មានបោះពុម្ពផ្សាយ ចំនួន៨០០សារព័ត៌មានចេញផ្សាយលើ អុីនធើណេតចំនួន៧០ ទូរទស្សន៍ចំនួន ២២ ស្ថានីយវិទ្យុចំនួន៣៣០ស្ថានីយ និងសមាគមអ្នកកាសែតចំនួន៣៨។ ការ ផ្សាយរបស់វិទ្យុនិងទូរទស្សន៍បរទេសទាំងអស់រួមទាំង វីអូអេ ( VOA ) និងអាស៊ីសេរី ( RFA ) គឺអាចចូលទស្សនានិងស្តាប់ដោយ សេរី មិនមានការត្រួតពិនិត្យអ្វីទាំងអស់។

៣-វិធានការផ្លូវច្បាប់ដែលរាជរដ្ឋាភិ បាលកម្ពុជាបានប្រកាន់យកប្រឆាំងនឹង បុគ្គល អង្គការមិនមែនរដ្ឋាភិបាល ( NGO ) និងស្ថាប័នសារព័ត៌មានដែលរំលោភបំពានច្បាប់មួយចំនួនតូចមិនគួរត្រូវបានបកស្រាយថា ជាការប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានោះទេ។ ហេតុការណ៍ពិតជា ប្រវត្តិសាស្ត្របានបង្ហាញថាការជ្រៀតជ្រែកពីបរទេស តែងតែបានបង្កឲ្យមានផលវិបាកខ្ទេចខ្ទាំ ដូចជាករណីប្រទេសកម្ពុជា និង ប្រទេសជាច្រើនផ្សេងទៀត។បទពិសោធន៍ដ៏ជូរចត់នៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍អស់រយៈពេលជិត៣ទសវត្សរ៍ បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាអាទិភាពចម្បងរបស់ខ្លួនគឺការថែរក្សាសន្តិភាពនិងស្ថិរភាពដែលទទួលបានយ៉ាង លំបាក និងការពង្រឹងនីតិរដ្ឋដើម្បីធានាថា ការអភិវឌ្ឍជាតិដ៏ឆាប់រហ័សរបស់យើង នឹងបន្តទៅមុខដោយមិនមានភាពរាំងស្ទះ។

៤-បច្ចុប្បន្ននេះមានគណបក្សនយោ បាយប្រមាណ ៣៥ បានចុះបញ្ជីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខនេះ។ដោយមានគណបក្សនយោបាយជាច្រើនកំពុងធ្វើសកម្មភាពនៅកម្ពុជា គេអាចមើលឃើញថាលំហលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សកំពុងចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា។ រាជរដ្ឋាភិ បាលកម្ពុជាមានការប្តេជ្ញាចិត្តជាងពេលណាណាទាំងអស់ក្នុងការប្រកាន់លទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាម ការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជានិងរៀបចំការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៥ ខែ កុម្ភៈ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខដោយសេរី យុត្តិធម៌ និងមានរបៀប រៀបរយដែលអាចទទួលយកបានដោយគ្រប់ភាគីចូលរួមទាំងអស់ ៕ ហេង សូរិយា


ចែករំលែក៖