កីឡាករLionel Messi ខ្សែប្រយុទ្ធក្លិបFC Barcelona ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតឈ្នះពានរង្វាន់ Pichichi ជាលើកទី៤ ដែលរៀបចំដោយសារព័ត៌មានកីឡា Marca របស់អេស្ប៉ាញ។
កីឡាករអាហ្សង់ទីនដែលទើបជួយក្លឹបឈ្នះ Deportivo ៤-០ កាលពីថ្ងៃអាទិត្យ បានថតរូបអបអរកាន់ពាន Pichichi និង Alfredo Di Stefano ដែលកម្មវិធីប្រគល់នេះបានរៀបចំនៅទីក្រុង Barcelona ផ្ទាល់តែម្ដង។ ពាន Pichichi គឺយកឈ្មោះតាមអតីតកីឡាករ Athletic Bilbao ម្នាក់លោក Rafael ‘Pichichi’ Moreno Aranzadi ដែលពាននេះប្រគល់ជូនអ្នកទាត់បញ្ចូលទីនៅច្រើនជាងគេនៅ La Liga រាល់ឆ្នាំ។
Meesi ទទួលបានពាន Pichichi ដោយសារគេជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឆ្នាំមុនមាន៣៧គ្រាប់ ក្នុង៣៤ប្រកួត លើមិត្តរួមក្រុម Luis Suare ២គ្រាប់់។ ទន្ទឹមនឹងនេះកីឡាករពូកែជើងឆ្វេងក៏មានកិត្តិយសបានពាន Alfredo Di Stefano ដែលជាពានតំណាងឲ្យកីឡាករល្អជាងគេនៅ La Liga សម្រាប់ឆ្នាំមុនដូចគ្នា។
ចំណែកមិត្តរួមក្រុមរបស់ Messi គឺ Andres Iniesta ជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។ ចំណែក អ្នកចាំទី Jan Oblak របស់ Atletico Madrid ទទួលបានពានរង្វាន់អ្នកចាំទីល្អបំផុត ឬ Zamora Trophy ជាលើកទី២៕ ដេវីត