កណ្តាល៖លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរករណីបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅមន្ទីរពេទ្យ និង ស្ត្រីម្នាក់ទៀតរបួសស្រាល។
មន្ត្រីតុលាការ បញ្ជាក់ថា ជនបង្កឈ្មោះ ផា ភាស់ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានលោក ទន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ”បើកបរធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចបណ្តាលឱ្យរបួសអ្នកដទៃ”តាមមាត្រា៨៣ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
មន្ត្រីដដែល បន្តថា មូលហេតុដែលលោកព្រះរាជអាជ្ញារង ទិន សុចិត្រា ចោទប្រកាន់តាមមាត្រា៨៣ ដោយសារជនរងគ្រោះទើបស្លាប់នៅប្រទេសវៀតណាម ក្រោយតុលាការចោទប្រកាន់នេះ ។ ទោះបីយ៉ាងណា ក្រោយទទួលដំណឹងជាក់លាក់នៃមរណភាពជនរងគ្រោះ តុលាការនឹងសម្រេចសាជាថ្មី នៃបទចោទប្រកាន់នេះ ។
ហេតុការណ៍ចរាចរនេះ កើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤២និង៤៣ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
នគរបាល បញ្ជាក់ថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកSSANG YONG ISTANA ពណ៌ទឹកប្រាក់
ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2AP- 6431 បើកបរដោយឈ្មោះផា ភាស់ ទិសដៅពីអ្នកលឿងទៅភ្នំពេញ ដោយដឹកអ្នកដំណើរចំនួន១២នាក់។ ពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក HONDA SCOOPY-I 110 ពណ៌ស ពាក់ផ្លាកភ្នំពេញ 1W- 0914បើកបរដោយឈ្មោះឡន ឌី ភេទស្រី អាយុ៤៨ឆ្នាំ និងអ្នករួមដំណើរម្នាក់ ឈ្មោះវ៉ន ជីវ៉ា ភេទស្រី អាយុ២៣ឆ្នាំ ដែលបើកមានទិសដៅស្របគ្នាហើយបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង ។
នគរបាល សន្និដ្ឋានថា អ្នកបើកបរម៉ូតូឈ្មោះ ឡន ឌី ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុន ពេលបើកឆ្លងកាត់ថ្នល់។ ចំណែកអ្នកបើករថយន្តឈ្មោះ ផា ភាស់ ធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕ ឆ ដា