ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី និងវិលមកកម្ពុជាជាថ្មីដើម្បីចូលរួមថតភាពយន្តភាគថ្មីមួយដោយសម្តែងរួមជាមួយដៃគូចាស់លោក ទេព រិន្ទដារ៉ូ។ នាងនឹងធ្វើឲ្យមហាជនដែលធ្លាប់តាមដានភាពយន្តកាលពីអំឡុងទសវត្សទី៩០បាននឹកឃើញឡើងវិញពីទិដ្ឋភាពភាពយន្តខ្មែរនាសម័យនោះ។
អម្ពរ ទេវី បានចូលរួមសម្តែងភាពយន្ត និង បទចម្រៀងរបស់ផលិតកម្មថោនគឺរឿង«ទឹកចិត្តម្តាយសម័យថ្មី» ហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ តារាសម្តែង រូបនេះ នឹងវិលមកកម្ពុជាដើម្បីថតភាពយន្តភាគថ្មីមួយរបស់ផលិតកម្ម Red Picture ដើម្បីចាក់បញ្ចាំងលើកញ្ចក់ទូរទ្សន៍CTNគឺរឿង”ឆន្ទា”។ប្រភពពីអ្នកសិល្បៈម្នាក់បានបង្ហើបថា អ្នកស្រីអម្ពរ ទេវី នឹងវិលមកកម្ពុជាជាថ្មីនៅដើមឆ្នាំក្រោយនេះដើម្បីថតភាពយន្តភាគថ្មីមួយក្រោមទុនចំណាយច្រើនសន្ធឹកសន្ធាប់។ ប្រភពបន្តថាអ្នកស្រីនឹងវិលមកកាន់តំណែងជាតួអង្គម្តាយ ដោយសម្តែងរួមជាមួយលោក ទេព រិន្ទដារ៉ូ ជាដៃគូចាស់។ ប្រភពបន្តថា ផលិតកម្មអាចចំណាយថ្លៃថតសម្រាប់អ្នកស្រីរាប់ម៉ឺនដុល្លារអាមេរិក លើសអស់តម្លៃខ្លួនតួឯកសម្តែងក្នុងរឿងនេះដោយថែមទាំងជួលសណ្ឋាគារកម្រិតផ្កាយ៥ អាហារ សំលៀកបំពាក់ ការធ្វើដំណើរសម្រួលដល់ការស្នាក់នៅជាងមួយខែរបស់អ្នកស្រីដើម្បីថតភាពយន្តមួយនេះ។
ទោះជាយ៉ាងណាចាងហ្វាងផលិតកម្ម Red Picture លោកឌៀប សុវណ្ណារ៉ា បាន ឱ្យដឹងថា រឿង “ឆន្ទា” ដែលកំពុងត្រៀមដំណើរការផលិត ដើម្បីចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN ពិតជាបានទាក់ទងចង់បានអ្នកនាងអម្ពរ ទេវី ឱ្យមកសម្តែងប៉ះគ្នាជាមួយលោកទេព រិនដារ៉ូ ដែលជាដៃគូសម្តែងចាស់របស់ពួកគាត់មែន ប៉ុន្តែ មកទល់ពេលនេះ មិនទាន់ច្បាស់ការនៅឡើយទេ ពោលគឺកំពុងស្ថិតនៅក្នុងការទាក់ទងចរចា។ លោកថាមិនទាន់ច្បាស់លាស់នេះហើយទើបលោកស្នើមិនធ្វើការបកស្រាយច្រើន បូករួមទាំងទុនចំណាយ និងថ្លៃខ្លួនតារាសម្តែងក្នុងភាពយន្តភាគនេះជាដើម។ ប៉ុន្តែលោកថាប្រសិនបើគម្រោងអញ្ជើញតារាសម្តែងស្រីរូបនេះមកសម្តែងបានដូចការគ្រោងទុកវាគឺជារឿងល្អ និងអាចធ្វើភាពយន្តនេះកាន់តែល្បីល្បាញទ្វេឡើង។
គេចាំបានថា បច្ចុប្បន្នអតីតារាសម្តែង អម្ពរទេវីកំពុងរស់នៅ ទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាងអម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»ជាដើម៕ វឌ្ឍនា