ខេត្តកែប៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក អរគុណបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងកូនក្មួយសិស្សានុសិស្សដែលបានទទួលសម្តេចយ៉ាងរាក់ទាក់នៅលើទឹកដីខេត្តកែប។
សម្តេចតេជោបានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងកូនក្មួយសិស្សានុសិស្សដែលបានទទួលខ្ញុំយ៉ាងរាក់ទាក់នៅលើទឹកដីខេត្តកែប។
ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមជម្រាបជូនបងប្អូនទូទាំងប្រទេសអោយបានជ្រាបថា នៅថ្ងៃទី ២៦-២៨ ធ្នូនេះ នឹងមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅតាមតំបន់មាត់សមុទ្រ។ សូមបងប្អូនរស់នៅ និងប្រកបការងារតាមសមុទ្រសូមមានការប្រុងប្រយ័ត្នខ្ពស់។
ដោយមើលឃើញពីតម្រូវការខ្វះខាតចាំបាច់បន្ថែមនៅក្នុងបវិវេណ “សាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស” សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនបន្ថែមនូវអគារសិក្សាថ្មី១ខ្នង កម្ពស់៤ជាន់ មាន២០បន្ទប់ (ជាន់ទី១ទី២ និង៣សំរាប់ថ្នាក់សិក្សា និងបន្ទប់ពិសោធន៍ ជាន់ទី៤សំរាប់កាត់ដេរ និង Computer) ថែមអាគារស្នាក់នៅសម្រាប់គ្រូបង្រៀន និងអាគារស្នាក់នៅរបស់សិស្ស១ខ្នង២ជាន់១០បន្ទប់ និងផ្តល់ជូន Computer ៤០គ្រឿង Printer ១០គ្រឿង Copy machine ២គ្រឿង ដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ផងដែរ។
ខ្ញុំបានអោយក្រសួងអប់រំជាសហការជាមួយអាជ្ញាធរខេត្ត ធ្វើការសិក្សាក្នុងការបង្កើត សាកលវិទ្យាល័យនៅខេត្តកែបនេះ ដែលអាចជួយសម្រួលដល់ក្មួយៗនៅទីនេះ និងក្មួយៗមកពីខេត្តកំពតក៏អាចមកសិក្សានៅទីនេះបានដែរ។ ខ្ញុំសូមកោតសរសើរនូវការខិតខំរបស់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំបង្រៀនកូនក្មួយដែលមានអត្រាប្រឡងជាប់ជាង៩០%។
ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្នុងខេត្តកែបទាំងអស់ ហើយសង្ឃឹមថានៅ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ បងប្អូនទូទាំងខេត្តនឹងបន្តបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជាជាបន្តទៀត។
ខ្ញុំសង្ឃឹមថាសមិទ្ឋផលថ្មីៗជាច្រើនដែលបានកសាង និងកំពុងកសាងបន្ថែមនៅទីនេះនឹងបានជាប្រយោជន៍ដល់កូនក្មួយបានសិក្សាយ៉ាងហោចណាស់ក៏រយៈពេល ៥០ឆ្នាំទៅមុខទៀតដែរ»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ